បុរសម្នាក់ស្រវឹងស្រាបើករថយន្តលឿនពេកបុករ៉ឺម៉កម៉ូតូដឹកអេតចាយពីក្រោយពេញទំហឹងរេចង្កូតបុកចូលផ្ទះពលរដ្ឋបែកទូកញ្ចក់អស់២សង២០០ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តលឿនពេកបុករ៉ឺម៉កម៉ូតូដឹកអេតចាយពីក្រោយពេញទំហឹងរេចង្កូតបុកចូលផ្ទះពលរដ្ឋបែកទូកញ្ចក់លក់គ្រឿងម្ជូររាយប៉ាយពេញផ្លូវ កើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវរថភ្លើងកែងផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញយុវជនម្នាក់បើករ៉ឺម៉កម៉ូតូដឹកអេតចាយ ម៉ាកគុបមូល ពណ៌ស្លែ ស៊េរីចាស់ ពាក់ស្លាកលេខ ជ.0754ភព1 បើកតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម។

ខណៈមកដល់ចំណុច កើតហេតុខាងលើក៏ស្រាប់តែមានរថយន្តឡង់គ្រីស័រ ស៊េរីឆ្នាំ១៩៩៣ ចង្កូតស្តាំ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខព្រះសីហនុ 2A-3099 មួយគ្រឿងបើកបរដោយបុរសម្នាក់និង រួមដំណើរស្ត្រីម្នាក់ទៀត ​​ក្នុងស្ថានភាពស្រវឹងស្រាបើកយ៉ាងលឿនមកបុកចំពីក្រោយរ៉ឺម៉កម៉ូតូដឹកអេតចាយពេញទំហឹង បណ្ដាលឱ្យរ៉ឺម៉កម៉ូតូដឹកអេតចាយរេចង្កូតទៅបុក ចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យទូកញ្ចក់ លក់គ្រឿងម្ជូរ បែកកញ្ចក់អស់ចំនួន២ទូ។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ តែសំណាងល្អក្នុងគ្រោះថ្នាក់នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ច ​មូលដ្ឋានបានមកដល់ហើយឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា។ ក្រោយមកភាគីខាងរថយន្តបានចេញថ្លៃការខូចខាតសរុបទាំងអស់ចំនួន ២០០ ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕


 

-->
adverise with khmeread