ប្រើពូថៅ​និងកាំបិត​កាប់មនុស្សមិនបានកាប់បំផ្លាញម៉ូតូ៣​គ្រឿង​, ប៉ូលិសវ៉ៃខ្នោះ៦នាក់នៅសល់៩នាក់

បាត់ដំបង ៖ លោកវរសេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិការប៉ូលិសស្រុកសង្កែ​ បានដឹកនាំកម្លាំងប៉ូលិសចុះឃាត់ខ្លួនក្រុមក្មេងបង្កហិង្សាកាប់បំផ្លាញម៉ូតូតាមដងផ្លូវបាន៦នាក់ចំណោម១៥នាក់ កាលពីថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង​១០ និង៣០នាទីនៅចំណុចលើផ្លូវហាយវេ ស្ថិត​នៅភូមិ បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដ​បាត់ដំបង។

ប៉ូលិសនិយាយថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០​២១ វេលាម៉ោង២ និង​២០​នាទីរសៀលនៅចំណុចបុរីត្នោតជួរ ក្រុម១៦ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់​ដំបង មានករណីធ្វើឱ្យខូច​ខាត​ដោយចេតនា កាប់បំផ្លាញម៉ូតូមួយកើតឡើង ដែលករ​ណីនេះ​បង្កដោយជនសង្ស័យមិនស្គាល់ឈ្មោះ មានគ្នាប្រហែល​១៥​នាក់​ បានធ្វើសកម្មភាពដោ​យ​យកកំបិត និងពូថៅដេញកាប់ទៅជនរងគ្រោះដែលកំពុងជិះម៉ូតូលើដងផ្លូវ​តែដោយសារជនរងគ្រោះរត់គេចខ្លួនផុត​ នៅសល់តែម៉ូតូទើបក្រុមជនសង័្សយកាប់បំផ្លាញម៉ូតូនោះចំនួន៣​គ្រឿង។

ប៉ូលិសបន្តថា​ ជនរងគ្រោះ៣នាក់រួមមាន ១-ឈ្មោះ ថាន់ រ័ត្ន ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ដបាត់ដំបង (ជាឪពុកជនរងគ្រោះនិងជាដើមបណ្តឹង), ២-ឈ្មោះ លី ហៀង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង និង៣-ឈ្មោះ យ៉ន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង។ 

នៅក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចអធិការដ្ឋានប៉ូលិសស្រុកសង្កែ ឱ្យចាត់វិធានការតាមច្បាប់ចំពោះមុខ​សញ្ញានេះ​  ហើយផ្តើមពីបញ្ហានេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានទៅកំណត់ បានពី​​​​មុខសញ្ញានេះរហូតឈានទៅធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់បាន៦នាក់។

នៅចំពោះមុខសមត្ថកិច្ចក្រុមយុវជនទាំង០៦នាក់​នេះបានឆ្លើយសារភាពថា «ពួកគេមានគ្នាចំនួន១​៥​នាក់ ប្រដាប់ដោយពូថៅ និងកាំបិត បានធ្វើសកម្មភាពដេញវាយទៅលើក្រុមយុវជនខាងលើ កាលពីថ្ងៃទី០១​ ខែ​មីនា​ ឆ្នាំ​២០២១​ ប៉ុន្តែដោយ​សារ​យុវជនទាំងនោះរត់គេចផុតនៅសល់តែម៉ូតូទើបក្រុមខ្លួនបានកាប់បំផ្លាញម៉ូតូទាំង០៣គ្រឿង​នោះតែម្តងទៅ»។

មូលហេតុដែលពួកខ្លួនវាយបំផ្លាញម៉ូតូនេះដោយ​សារកន្លងទៅពួកខ្លួននិងក្រុមខាងម្ចាស់ម៉ូតូធ្លាប់បានឌឺដងដាក់គ្នាតាមដងផ្លូវ​ ដែលការឌឺដងនេះបានផ្តើមទៅជាកំហឹង​ ហើយនៅថ្ងៃកើតហេតុក្រុមខ្លួនក៏ដោះស្រាយកំហឹងតាមហិង្សាបែបនេះតែ​ម្តង​។

ជនសង្ស័យទាំង០៦នាក់ខាងលើត្រូវបានប៉ូលិសស្រុកសង្កែ បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread