រថយន្តក្រុងបុកម៉ូតូទាំងព្រឹកលើកំណាត់ផ្លូវជាតិលេខ៥ ស្លាប់បុរសម្នាក់វ័យ៦៦ឆ្នាំ

កំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងបុកម៉ូតូទាំងព្រឹកព្រលឹម នៅលើកំណាតើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៤និង៤៥ ស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាវេលាម៉ោង៥ និង៤៥នាទី ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ទោសេង ចន្តា អធិការប៉ូលិសស្រុកសាមគ្គីមានជ័យ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺកើតឡើងរវាងរថយន្តក្រុងបុកជាមួយម៉ូតូក្នុងដំណើរច្រាស់ទិសគ្នាគ្រាដែលផ្លូវជាតិលេខ៥ កំពុងការស្ថាបនា។ ដំបូងរថយន្តក្រុងមួយគ្រឿងពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 3D-7541 ក្នុងដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវជាតិលេខ៥។

លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១០០ ពាក់ស្លាកលេខចាស់ ក.4149 ប.ខ1 បើកបរដោយបុរសរងឈ្មោះ សុខ យ៉ាន អាយុ៦៦ឆ្នាំ មានទីលំនៅភូមិស្ដុក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ក្នុងដំណើរច្រាស់ទិសគ្នា បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗតែម្តង។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តក្រុងខាងលើបានចុះរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនិងអ្នកដំណើរនៅកន្លែងកើតហេតុ។ 

បន្ទាប់មកសមត្ថកិច្ចចរាចរណ៍បានចុះធ្វើការវាស់វែង និងយករថយន្តព្រមទាំងម៉ូតូទៅរក្សាទុកនៅអធិការប៉ូលិសស្រុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread