មនុស្សទី២ហើយដែលស្លាប់ដោយសារជំងឺកូវីដ-១៩នៅកម្ពុជា

ភ្នំពេញ ៖ ស្រ្តីជនជាតិខ្មែរម្នាក់មានវ័យ៦២ឆ្នាំ បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៉ី នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីមានបុរសម្នាក់បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដូចគ្នាកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កន្លងទៅ។ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា លោក ស្រី ងឿន សុថានី អាយុ៦២ឆ្នាំ  ភរិយារបស់តារាចម្រៀងល្បីលោក ហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅវេលាម៉ោង១១ និង៤៥នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺប៉ុន្មានថ្ងៃ។

លោកស្រី ងឿន សុថានី និងកញ្ញា វី ឌីណែត រួមទាំងប្អូនស្រីពៅម្នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកសម្រាប់លោក ហួរ ឡាវី វិញជាលទ្ធផលធ្វើតេស្តលើកទី១ បានបង្ហាញថា «មិនមានជំងឺកូវីដ-១៩នោះទេ»។

លោកស្រី ងឿន សុថានី មានជំងឺទឹកនោមផ្អៃម លើសឈាម និង ជំងឺធាត់កម្រិត១ ដោយបានបញ្ជូនមកពេទ្យខ្មែរសូវៀតថ្ងែទី១៧ ខែមីនា ឆ្នាំ២០២១ ហើយមានអាការៈហត់ខ្លាំង។ គ្រូពេទ្យបានរកឃើញអាការៈរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងខ្វះអុកស៉ីសែនខ្លាំង, មានសញ្ញាស្លោកបេះដូង និងខ្សោយបេះដូងស្រួចស្រាវធ្ងន់ធ្ងរ។

លោកស្រីបានស្លាប់នៅថ្ងែទី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ម៉ោង១១និង៤៥នាទីដោយរលាកសួតខ្លាំង ស្ទះសរសៃឈាមបេះដូងខ្លាំង ដោយសារមេរោគកូវីដ១៩ បានវាយលុកជំងឺសួតធ្ងន់ធ្ងរពេក និង លឿនពេក។

គួររំលឹកថា នៅកម្ពុជាមានអ្នកជំងឺ២នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយជនទី១ បុរសជនជាតិ​ខ្មែរ​​​វ័យ៥០ឆ្នាំម្នាក់កើតជំងឺកូវីដ-១៩ បានបាត់បង់ជីវិតជាលើកដំបូង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីបានឆ្លងជំងឺកូវីដ នៅ​ថ្ងៃ ២៧ កុម្ភៈ ហើយបាន​សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី។

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល ជនរងគ្រោះអាយុ៥០ឆ្នាំ មាន​លំនៅ​នៅ​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជថានីភ្នំពេញ មាន​មុខរបរ​ជាអ្នកបើកបរ​ឱ្យថៅកែជនជាតិចិន នៅខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ។ សពត្រូវបានរកឃើញថា«មានឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ នៃ វិទ្យាស្ថានប៉ាស្ទ័រ»។            

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ក្នុងសារពិសេសកាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២១ថា «សពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នឹងត្រូវបូជាដោយឡែក...» ដើម្បីចៀសវាងការឆ្លងរាលដាលដល់ប្រជាពលរដ្ឋ៕

-->
adverise with khmeread