ម៉ាឡេស៊ីថ្កោលទោសកូរ៉េខាងជើងចំពោះការកាត់ផ្តាច់ចំណងការទូត

ក្រសួងការបរទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រ (១៩ មីនា) បានថ្កោលទោសការសម្រេចចិត្តរបស់កូរ៉េខាងជើងក្នុងការកាត់ផ្តាច់ចំណងការទូត ដោយចាត់ទុកសកម្មភាពនេះថា "មិនរាក់ទាក់និងមិនមានលក្ខណៈស្ថាបនា"។

នៅក្នុងសេចក្តីថ្លែងការណ៍ក្រសួងបាននិយាយថាម៉ាឡេស៊ីនឹងបិទស្ថានទូតរបស់ខ្លួននៅទីក្រុងព្យុងយ៉ាងជាការឆ្លើយតប ហើយនឹងបញ្ជាឱ្យបុគ្គលិកការទូតនិងអ្នកនៅក្នុងបន្ទុករបស់ពួកគេទាំងអស់នៅឯស្ថានទូតកូរ៉េខាងជើងប្រចាំនៅកូឡាឡាំពួចាកចេញពីប្រទេសនេះក្នុងរយៈពេល ៤៨ ម៉ោង។

សេចក្តីថ្លែងការណ៍បានសរសេរថា "ម៉ាឡេស៊ីថ្កោលទោសការសម្រេចចិត្តនេះថាមិនរួសរាយរាក់ទាក់និងមិនមានការស្ថាបនា ដោយមិនគោរពស្មារតីនៃការគោរពគ្នាទៅវិញទៅមកនិងទំនាក់ទំនងជិតខាងល្អក្នុងចំណោមសមាជិកសហគមន៍អន្តរជាតិ"។

"ម៉ាឡេស៊ីសូមរក្សាសិទ្ធិរបស់យើងដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់កូរ៉េខាងជើងដើម្បីការពារអធិបតេយ្យភាពរបស់យើងនិងការពារផលប្រយោជន៍ជាតិរបស់យើង"។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃសុក្រថាកូរ៉េខាងជើងប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ីបន្ទាប់ពីតុលាការក្នុងប្រទេសម៉ាឡេស៊ីបានសម្រេចថាបុរសកូរ៉េខាងជើងម្នាក់អាចនឹងត្រូវធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់។

ក្រសួងការបរទេសកូរ៉េខាងជើងក៏បានព្រមានដែរថា ទីក្រុងវ៉ាស៊ីនតោននឹងត្រូវ "បង់ថ្លៃ" នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយ KCNA ៕

-->
adverise with khmeread