អ្នកកាសែត BBC ម្នាក់បាត់ខ្លួននៅភូមា សង្ស័យទាហានចាប់ពង្រត់

មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាអ្នកកាសែតរបស់ BBC ម្នាក់ត្រូវបានចាប់ពង្រត់ដោយកងកម្លាំងយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈទូរទស្សន៍អង់គ្លេសមួយនេះនិយាយកាលពីថ្ងៃសុក្រទី១៩មីនាថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់គាត់។

BBC បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងអ្នកយកព័ត៌មានជនជាតិភូមាឈ្មោះ Aung Thura ដែលគេរាយការណ៍ថាត្រូវបានចាប់ពង្រត់នៅក្នុងរដ្ឋធានីណៃពិដោកាលពីថ្ងៃសុក្រ។

BBC និយាយថាឥឡូវនេះខ្លួនបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានឱ្យជួយរកទីតាំងរបស់គាត់និងបញ្ជាក់ពីសុវត្ថិភាពរបស់គាត់ ខណៈប្រទេសនេះបន្តចាប់ខ្លួនសមាជិកប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីរដ្ឋប្រហារនៅថ្ងៃទី ១ ខែកុម្ភៈ។

ទូរទស្សន៍នេះនិយាយថា "លោក Thura ត្រូវបានចាប់ខ្លួនដោយបុរសមិនស្គាល់អត្តសញ្ញាណមួយក្រុមនៅក្នុងរដ្ឋធានីប្រទេសភូមានៅម៉ោងប្រហែលពាក់កណ្តាលថ្ងៃត្រង់"។

BBC និយាយថា "BBC យកចិត្តទុកដាក់ខ្លាំងចំពោះសុវត្ថិភាពបុគ្គលិកទាំងអស់របស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយយើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីស្វែងរកលោក Aung Thura"។

"យើងសូមអំពាវនាវឱ្យអាជ្ញាធរជួយរកទីតាំងរបស់គាត់និងបញ្ជាក់ថាគាត់មានសុវត្ថិភាព។ Aung Thura គឺជាអ្នកសារព័ត៌មាន BBC ដែលមានបទពិសោធន៍រាប់ឆ្នាំក្នុងការរាយការណ៍អំពីព្រឹត្តិការណ៍នៅទីក្រុងណៃពិដោ"៕

-->
adverise with khmeread