បើករថយន្តជាប់រវល់តែនិយាយទូរស័ព្ទជ្រុលកៀររថយន្តមួយគ្រឿងទៀតចតស្ងៀមតាមចិញ្ចើមផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿងជាប់រវល់និយាយទូរស័ព្ទមិនប្រយ័ត្នជ្រុលកៀររថយន្តហាយឡែនឌ័រមួយគ្រឿងទៀត ដែលចតស្ងៀមតាមចិញ្ចើមផ្លូវបណ្ដាលឱ្យបាក់កញ្ចក់ឆ្វេងម្ខាង និងធ្លាក់កាងខាងមុខរងការខូចខាតយ៉ាងដំណំ កើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៩៨៦ ក្បែរអតីតខារ៉ាអូខេអឹមភើរៀរ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញរថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2R-0982 ឈប់អែបនឹងចិញ្ចើមផ្លូវនៅកន្លែងកើតហេតុខាងលើបែរក្បាលទៅទិសខាងលិច។

ខណៈពេលនោះក៏មានរថយន្តហាយឡែនឌ័រមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-3059 បើកបរដោយបុរសម្នាក់ ជាប់រវល់និយាយទូរស័ព្ទធ្វើដំណើរទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើដោយមិនប្រយ័ត្នបានកៀររថយន្តហាយឡែនឌ័រ ដែលចតស្ងៀមតាមចិញ្ចើមផ្លូវផ្នែកខាងឆ្វេងបណ្ដាលឱ្យបាក់កញ្ចក់មើលក្រោយម្ខាងនិងធ្លាក់កាងខាងមុខ។

ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នារយៈពេលជិតមួយម៉ោងទើបត្រូវគ្នាដោយខាងភាគីរថយន្តបង្កបានចេញសំណងចំនួន ១៥០ ដុល្លារទៅឱ្យខាងភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕

-->
adverise with khmeread