ក្រសោបក្មេងស្ទាវៗ៦នាក់មានវ័យពី១៦ទៅ១៧ឆ្នាំជិះម៉ូតូ៣គ្រឿងធ្វើសកម្មភាពឆក់ខ្សែកពីនារីម្នាក់បានសម្រេច

ភ្នំពេញ ៖ ក្មេងស្ទាវៗ៦នាក់មានវ័យពី១៦ទៅ១៧ឆ្នាំជិះម៉ូតូ៣គ្រឿងធ្វើសកម្មភាពឆក់ខ្សែកពីនារីម្នាក់បានសម្រេច នៅមុខដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅថ្ងៃទី ១៩ មីនា ឆ្នាំ២០២១ ម៉ោង១៤ និង៣០នាទីរសៀលត្រូវប៉ូលិសក្របួចបានទាំង៦នាក់។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ អាត ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បាត់បង់ខ្សែកប្លាទីនទម្ងន់៧ជី មានបន្តោងដាំត្បូងពេជ្រ។

ចំណែកជនសង្ស័យឃាត់ខ្លួន៦នាក់រួមមាន ១-ឈ្មោះ កៅ វិចិត្ររាជ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ, ២-ឈ្មោះ សុក ធា ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន, ៣-ឈ្មោះ ប៊ុន ណារិទ្ធ ភេទប្រុស អាយុ១៧ ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន, ៤-ឈ្មោះ អ៊ុំ និមល ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ, ៥-ឈ្មោះ ពេជ្រ សៀវនី ភេទប្រុស អាយុ១៦ ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន និង៦-ឈ្មោះ សុខ វិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិបឹងសា ឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្តិជិះម៉ូតូឌុបគ្នាទៅផឹកកាហ្វេ, ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ០៦នាក់ខាងលើ ជិះម៉ូតូ០៣គ្រឿង (ម៉ាក Honda សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1Q-2353, ភ្នំពេញ ១IN-4203, ភ្នំពេញ 1IQ-1069) ធ្វើសកម្មភាពឆក់ខ្សែកប្លាទីនទម្ងន់៧ជី មានបន្តោងដាំត្បូងពេជ្រពីជនរងគ្រោះបានសម្រេចរួចគេចខ្លួន ។

ពេលនោះជនរងគ្រោះដេញតាមពីក្រោយស្រែកចោរៗ ក៏មានសមត្ថកិច្ចល្បាតក្បែរនោះដេញតាមដល់ក្នុងដីឡូត៍ក្បែរនោះ ក៏ដួលម៉ូតូជ្រុះបាត់ខ្សែកជនរងគ្រោះ រួចសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ខាងលើ រួមជាមួយវត្ថុតាងម៉ូតូ៣គ្រឿងជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការតាមច្បាប់៕


 

-->
adverise with khmeread