កុំច្រឡំបន្តោងមាស! វាជាកញ្ចែមាសដ៏កម្រនៅលើផែនដី

ពេលអ្នកមើលមួយភ្លែតច្បាស់ជាគិតថាវាជាបណ្ដោងកញ្ចែមាស តែតាមពិតវាគឺជាសត្វកញ្ចែមាសមានជីវិត។ ពិតណាស់ ពេលអ្នកមើលរូបថតនឹងគិតថាវាគឺជាគ្រឿងអលង្ការ ឬកាត់ត តែវាគឺជាសត្វកញ្ចែមាសមានឈ្មោះថា Aspidimorpha Sanctaecrucis ។ អ្វីដែលធ្វើឱ្យសត្វកញ្ចែនេះពិសេសនោះ គឺរូបរាងវាដូចមាស និងមានខែលការពារថ្លាមើលទៅគួរឱ្យស្រឡាញ់។

មនុស្សច្បាស់ជាមិនដឹងថាសត្វប្រភេទនេះមាននៅលើផែនដីឡើយ ប្រសិនបើ Susanta Nanda ជាអ្នកអភិរក្សព្រៃឈើក្នុងប្រទេសឥណ្ឌារូបនេះមិនបានថតវាបង្ហោះលើបណ្ដាញសង្គម Twitter។ ហើយវីដេអូរបស់គាត់ក៏មានអ្នកទស្សនារាប់សែនដងលើបណ្ដាញសង្គមផងដែរ ដែលមនុស្សគ្រប់គ្នាជឿថាសត្វនេះពិតជាមាននៅលើផែនដីមែន។

សត្វកញ្ចែមាសប្រភេទនេះអាចរកបានក្នុងបណ្ដាលប្រទេសអាស៊ីដូចជាចិន ភូមា ថៃ កម្ពុជា ឥណ្ឌាភាគឦសាន វៀតណាម និងឥណ្ឌូនេស៊ី។ ហើយវាអាចលូតលាស់ដល់ប្រវែង១៤មិល្លីម៉ែត្រ។ ប្រសិនបើអ្នកចង់រកសត្វកញ្ចែមាសនេះ គឺមិនពិបាករកទេ ព្រោះវាភ្លឺចែងចាំងដូចមាសអ៊ីចឹង។ យ៉ាងណាមិញ សត្វកញ្ចែមាសនេះគឺពិសេសម្យ៉ាងទៀត នៅពេលវាមានអារម្មណ៍ថារងការវាយប្រហារវានឹងប្រែប្រួលពណ៌របស់វា ទៅជាពណ៌ក្រហម៕


 

-->
adverise with khmeread