បុរសចុងក្រោយក្នុងកុលសម្ព័ន្ធមួយក្នុងព្រៃអាម៉ាហ្សូន ស្លាប់ដោយសារវីរុសកូរ៉ូណាបំលែងខ្លួន

ប្រជាជនកុលសម្ព័ន្ធក្នុងព្រៃអាម៉ាហ្សូនមួយត្រូវបានកម្ទេចចោលទាំងស្រុងហើយដោយសារកូវីដ១៩ បន្ទាប់ពីសមាជិកប្រុសចុងក្រោយរបស់ខ្លួនបានស្លាប់ដោយសារវីរុសនេះ។ នេះយោងតាមវេបសាយ DailyStar.co.uk ផ្សាយកាលពីថ្ងៃសុក្រទី១៩មីនា។

លោក Aruká Juma នៃកុលសម្ព័ន្ធ Juma បានស្លាប់ដោយសារវីរុសកូរ៉ូណាបំលែងខ្លួននៅថ្ងៃទី ១៧ ខែកុម្ភៈ។

បុរសចុងក្រោយនៃកុលសម្ព័ន្ធជនជាតិដើមរបស់គាត់បានបន្សល់ទុកសមាជិកស្រី ៤ នាក់ប៉ុណ្ណោះ ដែលមានន័យថាកុលសម្ព័ន្ធនេះត្រូវដាច់ពូជត្រឹមនេះហើយ។

ប្រជាជនប្រមាណ ១៥.០០០ នាក់ស្ថិតនៅក្នុងកុលសម្ព័ន្ធ Juma នៅសតវត្សរ៍ទី ១៨ នៅពេលដែលអត្ថិភាពរបស់ពួកគេត្រូវបានកត់ត្រាទុកជាលើកដំបូងនៅក្នុងព្រៃអាម៉ាហ្សូន។

គេជឿថាវីរុសនេះបានរាលដាលដល់កុលសម្ព័ន្ធនេះដោយពួកអ្នករុករករ៉ែនិងអ្នកកាប់ឈើខុសច្បាប់ចូលដល់ទឹកដីរបស់ពួកគេ។

កូនស្រីរបស់លោក Juma គឺ Mandeí Juma, Maitá Juma និង Boreha Juma និងក្មេងស្រីម្នាក់គឺជាសមាជិកនៃកុលសម្ព័ន្ធដែលនៅរស់រានមានជីវិត។

កូនស្រីរបស់គាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ឪពុករបស់យើងបានប្រយុទ្ធតស៊ូច្រើនហើយ គាត់ជាអ្នកចម្បាំង ហើយយើងនឹងបន្តការតស៊ូ"។

លោក Juma បានទទួលមរណភាពដោយកូវីដ១៩នៅថ្ងៃទី ១៧ ខែកុម្ភៈនៅក្នុងមន្ទីរពេទ្យប្រេស៊ីលមួយនៅទីក្រុង Pôrto Velho រដ្ឋធានីនៃរដ្ឋ Rondônia៕

-->
adverise with khmeread