បុរសម្នាក់ដែលធ្លាប់មានប្រវត្តិជាប់គុករយៈពេល២ឆ្នាំយកកាំបិតកាប់មុខម្តាយឱ្យរបួស

កណ្តាល ៖ បុរសម្នាក់ដែលធ្លាប់មានប្រវត្តិជាប់គុករយៈពេល២ឆ្នាំ បានធ្វើសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និង យកកាំបិតមុខពីរកាប់លើមុខម្តាយរបស់ខ្លួនរងរបួសចេញឈាមដេរ៣ថ្នេរ ដែលអំពើហិង្សាខាងលើនេះកើតឡើងនាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង២ និង១០នាទីរសៀលនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ភួង ផល ភេទស្រី អាយុ ៦១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ជ្រោយតាប៉ា ឃុំគគីរ ស្រុកៀនស្វាយ ខេត្តកណ្តាល (ត្រូវជាម្តាយបង្កើត) របួសបែកក្បាលខាងឆ្វេងដេរចំនួន៣ថ្នេរ។ សម្ភារៈខូចខាតរួមមាន តុដែកអ៊ីណុក ០១, ធុងទឹកកក ០១,កង់ចំនួន ០៣, ធុងជរ័ដាក់អង្ករ ០១, ធុងជរ័ដាក់ទឹក ០១, កៅអីជ័រ ០៥, ចង្ក្រានប្រើអុស ០១, ចង្ក្រានប្រើហ្គាស់ ០១, ចាន ឆ្នាំង ​ខ្ទះ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ចំណែកជនសង្ស័យឈ្មោះ វ៉ាត វណ្ណដា (ហៅពេជ្រ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិជ្រោតាប៉ា ឃុំគគីរ ស្រុកកៀស្វាយ ខេត្តកណ្តាល (ត្រូវជាកូនបង្កើត) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ វត្ថុតាងចាប់យកមាន ដែកគាស់ដែកចំនួន០១ប្រវែង ៥៣សង់ទីម៉ែត្រនិងកាំបិតចិតបន្លែមុខ២ ចំនួន០១ប្រវែង២០សង់ទីម៉ែត្រ។

សមត្ថកិច្ចបន្តថា ដំបូងជនរងគ្រោះជាម្ដាយកំពុងតែរៀបចំរបស់របរនៅផ្ទះ បានឃើញឈ្មោះ វ៉ាត វណ្ណដា ភេទប្រុសស្រវឹងស្រា (ជនសង្ស័យ) ជិះកង់ចុះឡើងចុះឡើងក្រោមផ្ទះ ហើយបានលើកកង់និងកៅអីជរ័ដាក់លើគ្រែ​។ ឃើញដូច្នេះជនរងគ្រោះ បាននិយាយទៅកាន់ជនសង្ស័យថា «អាអូន អ្ហែងលើកកង់ និងកៅអីជ័រដាក់ចុះក្រោមវិញទៅ ហើយដេកមួយសន្ទុះស្វាងហើយ»។

​ពេលនោះស្រាប់តែជនសង្ស័យខឹងបានលើកកង់ និងកៅអីបោះទៅលើដី ​ហើយបានដើរទៅយកកូនកាំបិតចិតបន្លែ (មុខ០២) មកកាប់ជនរងគ្រោះ (ម្ដាយ) មួយកាំបិត បណ្តាលចំក្បាលខាងឆ្វេងបែកហូរឈាមដេរចំនួន ០៣ថ្នេរ ​​រួចបានយកដែកគាស់ទៅវាយបំផ្លាញរបស់របរនៅក្នុងផ្ទះបាក់បែកខ្ទេចពេញដីថែមទៀត ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលគគីរ​។

ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបានគគីរ បានចុះដល់កន្លែងកើតហេតុ រួចឃាត់ជនសង្ស័យ ខាងលើរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានប្រព្រឹត្តិដូចការរៀបរាប់ខាងលើប្រាកដមែន»។

ជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន០២ឆ្នាំ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន​៕

-->
adverise with khmeread