ឪពុកនិងកូន២នាក់ជាជនជាតិភាគតិច(ព្នង)ត្រូវរថយន្តបើកបុកស្លាប់ភ្លាមៗនៅស្រុកអូររាំង

មណ្ឌលគិរី ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរវាងរថយន្តនិងម៉ូតូបើកបរក្នុងទិសដៅស្របទិសគ្នា បណ្តាលឱ្យឪពុក និងកូន២នាក់ជាជនជាតិភាគតិច (ព្នង) ស្លាប់ភ្លាមៗ កើតឡើងនាថ្ងៃសុក្រទី១៩ ខែមីនា ឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ៧៦A ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៨-១០៩ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាវេលាម៉ោង៧ និង៣០នាទីយប់។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ គឹម គ្វេន ភេទប្រុស អាយុ៣២ឆ្នាំជនជាតិព្នង និងកូនស្រីរួមដំណើរជាមួយឈ្មោះ គ្វេន ពង ភេទស្រី អាយុ៨ឆ្នាំរស់នៅភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ជនរងគ្រោះបើកបរម៉ូតូម៉ាកឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅចំណុចភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

លុះដល់ចំណុចខាងលើ រថយន្តបានបើកកៀរពីចំហៀងម៉ូតូបណ្តាលឱ្យអ្នកបើកបរម៉ូតូដួល ហើយអួសជាប់ជាមួយរថយន្តចម្ងាយ១៥ម៉ែត្រ បណ្តាលឱ្យបុរសជាឪពុកនិងកូនដែលរួមដំណើរជាមួយបានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង។ ឯរថយន្តជនបង្កពុំទាន់បានស្គាល់អត្តសញ្ញាណនៅឡើយដោយជនបង្កបានបើករថយន្តគេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចផ្នែកសណ្តាប់ធ្នាប់កំពុងស្វែងរកម្ចាស់រថយន្តបង្កយកមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់។ ក្រោយពីបានចុះពិនិត្យដល់កន្លែងកើតហេតុកម្លាំងសមត្ថកិច្ចស្រុកអូររាំងបានប្រគល់សពជនរងគ្រោះទាំងពីរនាក់ ​ឪពុក និងកូនឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread