លើពិភពលោកមានតែអ៊ីស្រាអែលមួយគត់អាចដើរលេងជប់លៀងដូចក្នុងឆ្នាំ២០១៩

ដូចអ្នកចូលចិត្តដើរក្លឹបយប់ៗដទៃទៀតនៅគ្រប់ទិសទីលើពិភពលោកដែលខានបានសប្បាយដោយសារកូវីដ១៩អ៊ីចឹដែរ លោក Roy Fridman មិនអាចទ្រាំចាំដើរលេងសប្បាយក្អាកក្អាយបានឡើយ។ ខុសពីអ្នកដើរក្លឹបភាគច្រើន លោក Fridman ដែលរស់នៅក្នុងទីក្រុងតែលអាល់វីវ ប្រទេសអ៊ីស្រាអែល លែងត្រូវរង់ចាំយូរទៀតហើយ។

ចាប់ពីថ្ងៃអាទិត្យទី២១មីនាតទៅ ក្លឹបរាត្រីរបស់អ៊ីស្រាអែលទាំងអស់នឹងបើកទ្វាររបស់ខ្លួនជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ ដែលជាសញ្ញាចុងក្រោយនៃការវិលត្រឡប់មករកសភាពធម្មតាយ៉ាងឆាប់រហ័សនៅប្រទេសមជ្ឈិមបូព៌ាមួយនេះ ដោយសារតែការជំរុញចាក់វ៉ាក់សាំងឈានមុខគេលើពិភពលោក។

ការវិលត្រឡប់មកវិញរបស់ក្លឹបរាត្រីដ៏ល្បីល្បាញរបស់ប្រទេសនេះដែលបានបិទកាលពីខែមីនាឆ្នាំមុនធ្វើឡើងពីរសប្តាហ៍បន្ទាប់ពីអាជ្ញាធរបានផ្តល់ភ្លើងខៀវដើម្បីបើកភោជនីយដ្ឋានហាងកាហ្វេនិងបារឡើងវិញ។

លោក Fridman ដែលបើកកន្លែងប្រគុំតន្ត្រីអេឡិចត្រូនិចឈ្មោះ Spoon ក្នុងទីក្រុងតែលអាល់វីវ និយាយថា "អារម្មណ៍ពិតជាអស្ចារ្យណាស់ វាប្រៀបដូចជាកូវីដមិនដែលកើតឡើងអ៊ីចឹង"។

ខណៈលោក Fridman មិនទាន់មានគម្រោងបើកកន្លែងប្រគុំតន្ត្រីរបស់គាត់ឡើងវិញរហូតដល់ខែមេសាដោយសារកំពុងស្វែងរកបុគ្គលិកស្របពេលរដ្ឋាភិបាលកំពុងផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកគ្មានការងារធ្វើក្នុងអំឡុងជំងឺរាតត្បាត លោកមានអារម្មណ៍ធូរស្បើយចិត្តជាខ្លាំងដែលភោជនីយដ្ឋាននិងបារមានមនុស្សពេញៗឡើងវិញនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

លោកនិយាយថា "ប្រជាជនឥឡូវនាំគ្នាជប់លៀងដើរក្លឹបយ៉ាងវក់វី។ តាមភោជនីយដ្ឋាននិងរង្គសាលទាំងអស់មានអារម្មណ៍ដូចទិវាបុណ្យឯករាជ្យជាតិយ៉ាងអ៊ីចឹង។ វាជាមោទនភាពណាស់ចំពោះជោគជ័យក្នុងការចាក់វ៉ាក់សាំង។ យើងពិតជារីករាយណាស់ដែលបានវិលមករកភាពធម្មតាឡើងវិញ"៕

-->
adverise with khmeread