ប្រើថ្នាំញៀនផងនិងគំរាមសម្លាប់ឪពុកផង ត្រូវប៉ូលិសស្រុកក្រគរវ៉ៃខ្នោះ

ពោធិ៍សាត់ ៖ កម្លាំងប៉ូលិសស្រុកក្រគរ ​សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលអូរសណ្តាន់ បានចុះបង្រ្កាបករណីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់​ និងប្រើអំពើហិង្សាក្នុងគ្រួសារ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ម៉ោង៦ល្ងាច នៅចំណុចផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិអូរអាចម៌កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១​។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ខឹម សារួន ភេទប្រុសអាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអូរអាចម៌កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោយពីទទួលបានពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ។ ចំណែកជនសង្ស័យឈ្មោះ រ៉ែម រ៉េន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរអាចម៌កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យោងតាមកំណត់ហេតុបណ្តឹងនិងការបំភ្លឺរបស់ឈ្មោះ ខឹម សារួន ភេទប្រុស អាយុ៦៣ឆ្នាំ (ត្រូវជាឪពុកជនសង្ស័យ) បានបំភ្លឺថា កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២១ នៅវេលាម៉ោងប្រហែល៦ល្ងាច កូនប្រុសរបស់គាត់ឈ្មោះ រ៉ែម រ៉េន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បានជេរប្រមាថ និង គំរាមសម្លាប់គាត់ ហើយគាត់ក៏ដើរគេចខ្លួនចេញបាត់ទៅ។ 

រយពកាលកន្លងមកកូនប្រុសគាត់រូបនេះ បានប្រើអំពើហិង្សាក្នុងគ្រួសារ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ (ចានឆ្នាំង ពាងទឹក) ថែមទាំងគំរាមនិងដេញកាប់បងប្អូនបង្កើតទៀតផង ហើយគាត់ធ្លាប់បានប្តឹងមកប៉ូលិសប៉ុស្ដិ៍រដ្ឋបាលអូរសណ្ដាន់និងបានធ្វើកិច្ចសន្យា និងកំណត់ហេតុអប់រំ ហើយគាត់បានទៅធានាយកមកអប់រំនៅផ្ទះបន្តតែកូនប្រុសគាត់មិនកែប្រែទេ នៅតែប្រើអំពើហិង្សាទៅលើគ្រួសារដដែល និងមិនតែប៉ុណ្ណោះកូនប្រុសរូបនេះនៅតែប្រើប្រាស់គ្រឿងញៀនដដែលមិនកែប្រែ។

បន្ទាប់ពីប៉ូលិសឃាត់ខ្លួន និងបានធ្វើតេស្ដរកសារជាតិញៀនឃើញវិជ្ជមាន។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកក្រគរ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង៩ និង៤៣នាទី ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

-->
adverise with khmeread