រថយន្តធុនយក្ស២គ្រឿងបើកបុកគ្នាលើកំណាត់ផ្លូវជាតិលេខ៥ ស្លាប់ម្នាក់, របួសធ្ងន់ម្នាក់

ពោធិ៍សាត់ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធំ២គ្រឿងបើកបុកគ្នា បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ កើតឡើងកាលពីថ្ងៃទី​១៩ ខែ មីនា​ ឆ្នាំ២០២១ វេលាម៉ោង១២និង០៥ នាទី នៅ​លើផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​១៤៦-១៤៧ ស្ថិតក្នុងភូមិ​ត្រពាំង​រំដេញ​ ឃុំ​ក្បាល​ត្រាច​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយ​រថយន្ត​ម៉ាក​ CHEN LONG រេចង្កូតទៅ​ឆ្វេង​មិន​ប្រកាន់​ស្តាំ​ជ្រុល​ទៅ​បុក​រថយន្ត​HYUNDAI (ធ្វើ​ចរាចរណ៍​ច្រាសទិស​គ្នា)​ ​បណ្តាលឱ្យស្លាប់មនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និងរបួសធ្ងន់ម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ ជួន ពិសិដ្ឋ អធិការរងប៉ូលិសស្រុកក្រគរបានបញ្ជាក់ឱ្យដឹងថា រថយន្តបង្កមានម៉ាក​ CHEN  LONG​ ពាក់​ស្លាក​លេខ​ភ្នំពេញ 3E-4143 ពណ៌ស​ បានធ្វើ​ចរាចរណ៍​ពី​លិចទៅ​កើត​បើក​បរដោយឈ្មោះ រ៉ែម ដារ៉ូ អាយុ៣១ឆ្នាំ​ ភេទប្រុស​ ជនជាតិខ្មែររស់នៅភូមិ​អូរ​អាចម៌កុក ឃុំ​អូរ​សណ្ដាន់​ ស្រុកក្រគរ ខេត្ត​ពោធិ៍សាត់​ (ស្លាប់​នៅ​កន្លែង​កើតហេតុ)។ 

ចំណែកភាគីរថយន្ត​ជនរងគ្រោះមានម៉ាក​ HYUNDAI​  ពាក់​ស្លាកលេខ​ភ្នំពេញ 3C-5778 ពណ៌សខៀវ​ ធ្វើ​ចរាចរណ៍​ពី​កើត​ទៅ​លិច បើក​បរ​ដោយឈ្មោះ​ មឿង​ ចាន់​ណាក់ អាយុ​៣៦ ឆ្នាំ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​គងជ័យ ឃុំ​គងជ័យ ស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ (រង​របួស​ធ្ងន់​)។

លោកអធិការរងបានបន្តថា កម្លាំងប៉ូលិសជំនាញចរាចរណ៍ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះរថយន្ត​ទាំង ០២ គ្រឿង​ត្រូវបាន​កម្លាំងជំនាញបញ្ជូន​ទៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ពោធិ៍សាត់​ចាត់ការបន្តទៅតាមនីតីវិធី៕

-->
adverise with khmeread