អ្នកការទូតកូរ៉េខាងជើងចាកចេញពីម៉ាឡេស៊ីអស់រលីង ក្រោយមានជម្លោះជុំវិញការធ្វើបត្យាប័នជនជាតិកូរ៉េខាងជើងទៅសហរដ្ឋអាមេរិក

អ្នកការទូតកូរ៉េខាងជើងប្រចាំនៅប្រទេសម៉ាឡេស៊ីបានបិទស្ថានទូតរបស់ពួកគេហើយបានហោះចេញពីប្រទេសនេះនៅថ្ងៃអាទិត្យនេះ (ថ្ងៃទី ២១ ខែមីនា) បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានកាត់ផ្តាច់ទំនាក់ទំនងការទូតជុំវិញការធ្វើបត្យាប័នពលរដ្ឋខ្លួនទៅកាន់សហរដ្ឋអាមេរិក។

ទង់ជាតិកូរ៉េខាងជើងនិងផ្លាកសញ្ញាស្ថានទូតត្រូវបានយកចេញពីទីតាំងនៅជាយក្រុងគូឡាឡាំពួ ហើយច្រកទ្វារត្រូវបានដាក់សោច្រវាក់។

ចំណងទាក់ទងរវាងកូរ៉េខាងជើងនិងម៉ាឡេស៊ីបានជាប់គាំងចាប់តាំងពីការធ្វើឃាតបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនក្នុងឆ្នាំ២០១៧នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ។

ពីរថ្ងៃបន្ទាប់ពីទីក្រុងគូឡាឡាំពួបានធ្វើបត្យាប័នបុរសកូរ៉េខាងជើងម្នាក់ទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់ កូរ៉េខាងជើងបានខឹងសម្បាយ៉ាងខ្លាំងកាលពីថ្ងៃសុក្រនេះហើយបានប្រកាសថា ខ្លួនបញ្ចប់ទំនាក់ទំនងជាមួយប្រទេសម៉ាឡេស៊ី។ ម៉ាឡេស៊ីបានថ្កោលទោសការសម្រេចចិត្តផ្តាច់ចំណងការទូតនេះ ហើយជាការឆ្លើយតបបានទុកពេលឱ្យមន្ត្រីការទូតកូរ៉េខាងជើង ៤៨ ម៉ោងដើម្បីចាកចេញ។

លោក Kim Yu Song ជាអ្នកទទួលខុសត្រូវ និងជាអ្នកប្រឹក្សានៅទីក្រុងគូឡាឡាំពួបាននិយាយថា ប្រទេសម៉ាឡេស៊ីបានប្រព្រឹត្តិបទឧក្រិដ្ឋដែលមិនអាចលើកលែងបាន។ បន្ទរតាមសេចក្តីថ្លែងការណ៍មុនរបស់ក្រុងព្យុងយ៉ាងលោកបានចោទប្រកាន់ម៉ាឡេស៊ីថាបានចុះញ៉មអាមេរិកនិងជាផ្នែកមួយនៃការឃុបឃិតរបស់សហរដ្ឋអាមេរិក ដែលមានគោលបំណង "ដាក់ឱ្យឱកោនិងធ្វើទុក្ខទោស" ដល់ប្រទេសរបស់លោក។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅខាងក្រៅស្ថានទូតមុនពេលធ្វើដំណើរទៅអាកាសយានដ្ឋានថា "ឧបទ្ទវហេតុនេះដែលធ្វើឡើងដោយអាជ្ញាធរម៉ាឡេស៊ីគឺជាការបង្កើតការយល់ស្របលាក់ខ្លួននិងចូលរួមដោយផ្ទាល់នៅក្នុងសមាហរណកម្មអរិភាពប្រឆាំអនឹងកូរ៉េខាងជើងពីសំណាក់សហរដ្ឋអាមេរិក ដែលព្យាយាមធ្វើឱ្យចុះខ្សោយអធិបតេយ្យភាពរដ្ឋយើងនិងសិទ្ធិរបស់យើងចំពោះអត្ថិភាពនិងការអភិវឌ្ឍ" ។

លោកបានបន្ថែមថា "អាជ្ញាធរម៉ាឡេស៊ីនឹងទទួលខុសត្រូវទាំងស្រុងចំពោះរាល់ផលវិបាកដែលកើតឡើងរវាងប្រទេសទាំងពីរ"៕

-->
adverise with khmeread