រដ្ឋហាមឃាត់ការប្រើប្រាស់ ការនាំចូល ការជួញដូរ និងការធ្វើអាជីវកម្ម បារីអេឡិចត្រូនិកគ្រប់ប្រភេទរួមបញ្ចូលទាំង «អេចឈ៍ ធី ភី (HTPs)»

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីណែនាំ ស្ដីពីការចាត់វិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្មនិងការប្រើប្រាស់ផលិតផល អេចឈ៍ ធី ភី (HTPs) នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។ 

សេចក្ដីណែនាំនេះ ហាមឃាត់ ការប្រើប្រាស់ ការនាំចូល ការជួញដូរ និងការធ្វើអាជីវកម្ម បារីអេឡិចត្រូនិកគ្រប់ប្រភេទរួមបញ្ចូលទាំង «អេចឈ៍ ធី ភី (HTPs)»។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានសាទរចំពោះចំណាត់ការនេះ ដោយមានមានប្រសាសន៍ថា «ការដាក់ចេញនូវសេចក្តីណែនាំនេះ បានរួមចំណែកដល់ការទប់ស្កាត់ការរាតត្បាតចូលសហគមន៍នៃជំងឺកូវីដ ១៩ ដែលប្រទេសកម្ពុជាកំពុងយកចិត្តទុកដាក់។ មានយុវជនកម្ពុជាមួយចំនួន កំពុងប្រើប្រាស់ឧបករណ៍ជក់បារីអេឡិកត្រូនិក និងអេចឈ៍ ធី ភី រួមគ្នា​ ដែលជាកត្តាហានីភ័យយ៉ាងធំនៃការចម្លងជំងឺកូវីដ ១៩ ពីម្នាក់ទៅម្នាក់»។

លោកវេជ្ជបណ្ឌិតបន្តថា បច្ចុប្បន្នយើងសង្កេតឃើញថា បារីអេឡិចត្រូនិក និងអេចឈ៍ ធី ភី ត្រូវបានគេផ្សព្វផ្សាយលក់ យ៉ាងគគ្រឹកគគ្រេងតាមរយៈ​បណ្ដាញពត៌មានសង្គម ដែលធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចាប់ផ្ដើម និងបន្តការប្រើប្រាស់។

ចំណែកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការប្រើប្រាស់បារីអេឡិកត្រូនិក និងអេចឈ៍ ធី​ ភី អាចជាច្រកទ្វារមួយ ទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត។

អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា​ ការប្រើប្រាស់បារីអេឡិចត្រូនិក និងអេចឈ៍ ធី ភី (HTPs) បណ្ដាលឱ្យញៀនកើតជម្ងឺសួតធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត។ 

យោងតាមមជ្ឈមណ្ឌលពិនិត្យត្រួតពិនិត្យជំងឺ (Centers for Diseases Control (CDC) នៃសហរដ្ឋអាមេរិក បានឱ្យដឹងថា «ការប្រើប្រាស់ បារីអេឡិចត្រូនិក និងអេចឈ៍ ធី ភី (HTPs) បង្កើនហានិភ័យនៃជំងឺបេះដូងនិងជំងឺសួត ហើយគិតត្រឹមខែ​កុម្ភៈ​ឆ្នាំ២០២០ នៅ​សហរដ្ឋអាមេរិក មាន​ការ​រងរបួសសួត​ប្រមាណ​ជិត ​៣០០០ករណី ពាក់ព័ន្ធ​ការ​ប្រើ​ប្រាស់​បារីអេឡិកត្រូនិច​ និងអេចឈ៍ ធី ភី (HTPs) ក្នុងនោះមាន​អ្នក​ស្លាប់​ជិត​៧០នាក់»៕


 

-->
adverise with khmeread
PR