ស្ត្រីម្នាក់ប្រើអំពើហិង្សាវាយដំលើកូនស្រីអាយុ ៧ឆ្នាំដោយសារលុយ ២ ពាន់រៀល ត្រូវប៉ូលិសឃាត់ខ្លួន

ភ្នំពេញ ៖ ស្ត្រីម្នាក់ប្រើអំពើហិង្សាវាយដំលើកូនស្រីអាយុ ៧ឆ្នាំរបួសគ្រាំគ្រាពេញខ្លួន ដោយសារលុយ២ពាន់រៀល ត្រូវប៉ូលិសឃាត់ខ្លួននាថ្ងៃទី២១ខែមីនា ឆ្នាំ២០២១នៅចំណុច នៅចំណុចផ្ទះកើតហេតុ ស្ថិតនៅភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បន្ទាប់ពីបានប្រើហិង្សាលើកូនកាលពីព្រឹកថ្ងៃទី២០មីនា។

ប៉ូលិសនិយាយថា ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើចំណាត់ការករណីហិង្សាដែលត្រូវបានបណ្ដាញទំនាក់ទំនងសង្គមបង្ហោះនិងចែករំលែកជាបន្តបន្ទាប់ ដាក់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីចាត់វិធានការអនុវត្តជំនាញ។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឱ្យដឹងនាថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២១ថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងប៉ូលិសជំនាញនៃនាយកដ្ឋាន សហការជាមួយប៉ូលិសខេត្តពោធិ៍សាត់ បានបើកការស្រាវជ្រាវទទួលបានលទ្ធផល គឺជាករណីហិង្សាក្នុងគ្រួសារ បង្កឡើងដោយម្តាយបង្កើត ឈ្មោះ វ៉ែន  សុធន់ អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បានវាយកូនស្រីបណ្តាលឱ្យរងរបួស។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បន្តថា អំពើហិង្សាខាងលើនេះកើតហេតុនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទីព្រឹក នៅចំណុចផ្ទះមុខសញ្ញា ស្ថិតនៅភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ​ជនរងគ្រោះឈ្មោះ ឈឿន ណារី ភេទស្រី អាយុ៧ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនបង្កើត។

ប៉ូលិសមូលដ្ឋានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១វេលាម៉ោងប្រហែល៨ព្រឹកជនរងគ្រោះ បានយកលុយចំនួន២០០០រៀល(ពីរពាន់រៀល) ទៅទិញទឹកខ្នុរក្រឡុកចំនួន ៤ដប ចែកបងប្អូនផឹក។ ពេលមកដល់ផ្ទះ ម្តាយជនរងគ្រោះបានសួរនាំកូន ហើយកូនបានឆ្លើយប្រាប់ថា «មកពីទិញទឹកខ្នុរក្រឡុកចែកបងប្អូនផឹក»។ ស្រាប់តែ ម្តាយបានស្ទុះទៅវាយបោចសក់ ទះកំផ្លៀង និងជាន់កទៅលើដី បណ្តាលឱ្យជនរងគ្រោះ រងរបួសគ្រាំខាងក្នុងខ្លួន ។ មូលហេតុដោយសារតែជនរងគ្រោះបានយកលុយទៅចាយអស់២០០០រៀលទើបត្រូវជាម្តាយវាយធ្វើបាបដូច្នេះ។

ប៉ូលិសបន្តថា ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពី លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងប៉ូលិសជំនាញ ស្រុកក្រគរ បានធ្វើការឃាត់ខ្លួន ឈ្មោះ វ៉ែន  សុធន់ ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់៕

-->
adverise with khmeread