ប៉ូលិសក្រុងតាខ្មៅឃាត់យុវជនម្នាក់ជាមួយថ្នាំញៀន១៤កញ្ចប់

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី២១ មីនា ឆ្នាំ២០២១វេលាម៉ោង១០ និង០១នាទីនៅចំណុចផ្លូវលំ ទំនប់ឆ្កែរឆ្កួតភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះសៀ ណែត ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិព្រែកសំរោង០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៤កញ្ចប់តូចនិហកាបូបដៃ០១ពណ៏សូកូឡា។

ប៉ូលិសបន្តថា មុនពេលកើតហេតុកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកហូរចេញល្បាតដល់ចំណុចកើតហេតុខាងលើឃើញជនសង្ស័យខាងលើកំពុងឈរនៅចំណុចកើតហេតុក៏ឃាត់សួរនាំនិងឆែកឆេររកឃើញថ្នាំញៀនចំនួន១៤កញ្ចប់តូចលាក់ទុកនៅក្នុងហោប៉ៅខោខាប៊យខាងស្តាំរួចរាយការណ៍ជូនលោកអធិការ រួចហើយធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា «ថ្នាំញៀនទាំងអស់នេះខ្លួនបានទិញពីឈ្មោះស្រី ស ភេទស្រី រស់នៅភូមិព្រែកហូរលិចសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្នុងតម្លៃ៧០០០០រៀលពិតប្រាកដមែន»។

ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread