ជនសង្ស័យគ្រឿងញៀន៤នាក់ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីបានឃាត់ជនសង្ស័យជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

មន្ត្រីអាវុធហត្ថនិយាយថា កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ដោយមានការសម្របសម្រួលពីលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្ទះជួល ស្ថិតក្នុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល ដោយចាប់យកនូវវត្ថុតាងគ្រឿងញៀន ក្រាមពណ៌សថ្លា ចំនួន០៨កញ្ចប់ (០២កញ្ចប់ធំល្មមនិង ០៦កញ្ចប់តូច) និងសម្ភារៈសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀតផងដែរ។

មន្ត្រីដដែលបន្តថា ជនសង្ស័យទាំង០៤នាក់រួមមាន ១-ឈ្មោះ ថន ចន្ថា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល ,២-ឈ្មោះបាន សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល, ៣-ឈ្មោះ វុធ ជឿន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល និង៤-ឈ្មោះ ម៉ុត ចន្ទលីណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread