រថយន្តធុនធំឈប់សប់កង់ ចៃដន្យយុវជនម្នាក់បើកម៉ូតូជ្រុលបុកពីក្រោយស្លាប់

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបើកម៉ូតូជ្រុលទៅបុករថយន្តធុនធំពីក្រោយ ដែលកំពុងចតសប់កង់លើចិញ្ចើមផ្លូវ កើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១០៤ ក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា យុវជនខាងលើឈ្មោះ ខែម រ៉ាវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើត ភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ម្នាក់បើកម៉ូតូម៉ាកHONDA CLIKE ពណ៌ក្រហម ពាក់ស្លាលលេខ កណ្តាល 1AA-9158។ ឯរថយន្តយីឌុប ដឹកទំនិញ ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7802 អ្នកបើកបររត់បាត់។ 

ប្រភពបានឱ្យដឹងថា ដំបូងគេឃើញយុវជនខាងលើ ជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន គួបផ្សំផ្លូវងងឹតផង ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តពីក្រោយដែលកំពុងឈប់សប់កង់លើចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្ដាលស្លាប់តែម្ដង។ ចំណែកតៃកុងរថយន្តឃើញស្ថានភាពបែបនេះក៏រត់គេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ រីឯសាកសព ត្រូវសាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី៕


 

-->
adverise with khmeread