មនុស្សទី៤ដែលទទួលមរណភាពដោយសារកូវីដ-១៩ ជាគ្រូពេទ្យជំនាញកុមារ

ភ្នំពេញ ៖ មនុស្សទី៤ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ជាអតីតគ្រូពេទ្យជំនាញព្យាបាលរោគកុមារ នៅមន្ទីរពេទ្យកុមារជាតិ បន្ទាប់ពីមានមនុស្ស៣នាក់ហើយដែលទទួលមរណភាពដោយសារជំងឺដូចគ្នា។

យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានឱ្យដឹងថា «អ្នកជំងឺកូវីដ-១៩ ភេទប្រុស ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍និងជាប្រធានគណៈកម្មការវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានអាសយដ្ឋាននៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទទួលមរណភាពនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

របាយការណ៍បន្តថា បុរសវ័យ៧៥ឆ្នាំខាងលើនេះ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនាថ្ងៃទី២១ ខែមិនាឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក ក្នុងសភាពហត់ខ្លាំង។ ភ្លាមៗក្រោយពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានពិនិត្យឃើញថា «គាត់មានអាការៈហត់ខ្លាំងនិងពិបាកដកដង្ហើមព្រមទាំងមានការវិវត្តន៍យ៉ាងរហ័សទៅរកសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេល៣ទៅ៤ថ្ងៃមុនចូលមន្ទីរពេទ្យ ហើយគាត់មានជំងឺប្រចាំកាយលើសឈាមផង»។

ក្រោយពីថតសួត គ្រូពេទ្យបានរកឃើញថា មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំងដែលក្រុមគ្រូពេទ្យបានព្យាយាមជួយគាត់រហូតដល់ប្រើម៉ាស៊ីនជំនួយដង្ហើមហើយនៅតែមិនអាចជួយបានហើយគាត់បានធ្វើមរណភាពទៅ។

សូមបញ្ជាក់ថាបុរសខាងលើនេះមានតេស្តវិជ្ជមានកូវីដ-១៩នៅយប់ថ្ងៃទី២១ ​ខែមីនា ឆ្នាំ២០២១។ បើតាមការសន្និដ្ឋាន «អ្នកជំងឺបានស្លាប់នៅថ្ងៃទី២២ មីនា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹកដោយសារសួតខ្សោយធ្ងន់ធ្ងរខ្លាំងនិងរលាកសួតសងខាងខ្លាំងដោយសារជំងឺកូវីដ-១៩»។

ចំណែកប្រភពពីបណ្តាញសង្គម មានសិស្ស និស្សិតពេទ្យ ជាច្រើនបានចូលរួមមរណទុក្ខ «ដោយសូមជូនព័ត៌មានដ៏ក្រៀមក្រំបំផុត លោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តកីឡា បានទទួលមរណភាព យប់ថ្ងៃ២១ មីនានេះ ដោយជម្ងឺ និងដោយសារ Covid-19 ដែលតាមការប៉ាន់ស្មាន គាត់ឆ្លងនៅថ្ងៃទី១២ ពេលចាក់វ៉ាក់សាំងលើកទី២ នៅសាលាយោធា ពីព្រោះក្រោយពីចាក់រួចថ្ងៃទី១៣មីនា គាត់ចាប់ផ្តើមមានអាការៈ ក្តៅខ្លួនរហូតមក»។ 

ចំណែកលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ «បានសម្តែងការសោកស្តាយ ដែលបានបាត់បង់សកម្មជន និងអ្នកមានគុណូបការៈចំពោះចលនាអូឡាំពិកនាពេលនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព។ សូមអរគុណ និងសូមវិញ្ញានខន្ត លោកវេជ្ជបណ្ឌិត បានសោយសុខក្នុងសុគតិភព»។

គួររំលឹកថា មានជនជាតិខ្មែរដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន៣នាក់នាពេលកន្លងមក គឺទី១- បុរសជនជាតិ​ខ្មែរ​​​វ័យ៥០ឆ្នាំម្នាក់រស់នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ កើតជំងឺកូវីដ-១៩ បានបាត់បង់ជីវិតជាលើកដំបូង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១, ទី២-ស្រ្តីជនជាតិខ្មែរម្នាក់មានវ័យ៦២ឆ្នាំ (ភរិយាតារាចម្រៀងហួរ ឡាវី) បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ និងទី៣-បុរសអាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ១៩ មីនា ឆ្នាំ២០២១៕

-->
adverise with khmeread