សត្វចិញ្ចឹមក៏មិនលើកលែងដែរ! ពេទ្យសត្វអង់គ្លេសព្រមានថា បញ្ហាបេះដូងលើសត្វចិញ្ចឹមអាចជាប់ពាក់ព័ន្ធវីរុសកូរ៉ូណាបំលែងខ្លួន B117

ក្រុមគ្រូពេទ្យសត្វបានព្រមានក្នុងការសិក្សាថ្មីមួយថា បញ្ហាបេះដូងចំពោះសត្វចិញ្ចឹមអាចត្រូវបានផ្សារភ្ជាប់ទៅនឹងមេរោគកូវីដបំលែងខ្លួនហៅថា Kent Covid ឬ B117 ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទទី២២មីនា។

អ្នកជំនាញមកពីមជ្ឈមណ្ឌលបសុពេទ្យ Ralph Veterinary Referral Center (RVRC) ក្នុងទីក្រុង Marlow ខេត្ត Buckinghamshire របស់អង់គ្លេសបានរកឃើញថា សត្វឆ្មានិងឆ្កែមួយចំនួនតូច បានឆ្លងវីរុសបំលែងខ្លួន B117 ដែលគេកំណត់អត្តសញ្ញាណបានដំបូងនៅទីក្រុង Kent កាលពីខែវិច្ឆិកា។

ពួកគេនិយាយថា សត្វចិញ្ចឹមបានវិវត្តទៅជាជំងឺ Myocarditis ពោលគឺជាការរលាកសាច់ដុំបេះដូង ដែលនេះសបញ្ជាក់ថា ជំងឺនេះអាចបង្កដោយមេរោគកូរ៉ូណាបំលែងខ្លួន B117 ទោះបីជាករណីនេះនៅមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។

B117 ដែលបណ្តាលឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃករណីកូវីដ១៩នៅក្នុងចក្រភពអង់គ្លេសចាប់តាំងពីដើមឆ្នាំនេះ ត្រូវគេគិតថាឆ្លងលឿនជាងមុន ៧០ ភាគរយ និង ស្លាប់លឿនជាងវីរុសដើម SARS-CoV-2 ចំនួន ៣០ ភាគរយ។

សត្វឆ្មានិងឆ្កែចិញ្ចឹមមួយចំនួនតូចត្រូវបានរាយការណ៍ថាបានឆ្លងមេរោគ SARS-CoV-2 នៅក្នុងប្រទេសជាច្រើនរួចមកហើយរួមទាំងចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក។

ក្រុមស្រាវជ្រាវនេះនិយាយថា គេនៅមិនទាន់ដឹងថាតើមេរោគបំលែងខ្លួន B117 អាចឆ្លងទៅប្រភេទសត្វចិញ្ចឹមមួយចំនួនយ៉ាងងាយស្រួលឬបង្កើនលទ្ធភាពនៃការឆ្លងពីមនុស្សទៅសត្វជាងមេរោគដើមឬយ៉ាងណានោះទេ៕

-->
adverise with khmeread