ម្តាយបង្កើតតារាកំប្លែង ស្រី ពីន ក្រុមកំប្លែងនាយក្រឹម បានបាត់បង់ជីវិតក្នុងអំឡុងពេលព្យាបាលជំងឺកូវីដ-១៩

ភ្នំពេញ ៖ ម្តាយបង្កើតតារាកំប្លែងស្រី ពីន ក្រុមកំប្លែងនាយក្រឹម បានបាត់បង់ជីវិត នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ- រុស្ស៊ី ដែលជាអ្នកជំងឺកូវីដ-១៩ ទី៥ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនាព្រឹកថ្ងៃទី២៣មីនាឆ្នាំ២០២១។

យោងរបាយការណ៍បញ្ជាក់ថា ម្តាយវ័យ៦២ឆ្នាំ របស់តារាកំប្លែងស្រី ពីន ស្ថិតនៅក្រុមកំប្លែងនាយក្រឹម គឺអ្នកនាងស្រីលាភ ភរិយានាយក្រឹម ដែលបានប្រាប់ផេកសិល្បករថា «អ៊ឹម ជីវ៉ា អើយ ម្តាយស្រីពីន ស្លាប់ហើយ គឺស្លាប់នៅព្រឹកនេះឯង នៅមន្ទីរពេទ្យរុស្ស៊ី សូមបងប្អូនជួយគាត់ផងក្រណាស់ ហើយណាមួយស្រីពីនក៏មិនអាចចេញមកបានដែរ ដោយសារស្រីពីន ជាប់ធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យរុស្ស៊ី»។

ប្រភពដដែលបន្តថា ម្តាយស្រីពីន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានចូលសម្រាកពេទ្យរុស្ស៊ី នៅថ្ងៃទី២១មីនាឆ្នាំ២០២១ ហើយបានបាត់បង់ជីវិតនាថ្ងៃទី២៣មីនាឆ្នាំ២០២១វេលាម៉ោង៥និង៤០នាទី។

បើយោងតាមព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ស្ត្រីវ័យ៦២ឆ្នាំខាងលើនេះមានអាការៈហត់បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់មកបានរកឃើញថា «មានវិជ្ជមានវីរុសCovid-19 នៅថ្ងៃទី២១ខែមិនាឆ្នាំ២០២១»។ ការពិនិត្យសុខភាពនិងការថតបានបង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ខ្លាំងនិងខ្សោយសួតខ្លាំងដោយមានអាការៈហត់ពីរបីថ្ងៃមុនចូលមន្ទីរពេទ្យនេះ ,ព្រមទាំងមានជំងឺធាត់កម្រិតមួយផងដែរ។

ក្រុមគ្រូពេទ្យក្រៅពីផ្ដល់ការព្យាបាលតាមបច្ចេកទេសក៏បានផ្តល់ជំនួយការដង្ហើមបន្ថែមនៅថ្ងៃទី២១ខែមិនាឆ្នាំ២០២១ ព្រមទាំងបានប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមតែសួតគាត់កាន់តែខ្សោយទៅខ្សោយទៅមិនអាចជួយទេ ហើយបានទទួលមរណកាលថ្ងៃទី២៣ ខែមិនាឆ្នាំ ២០២១ ទៅ។

តាមការសន្និដ្ឋានរបស់ក្រុមពេទ្យគឺ «ស្ត្រីវ័យ៦២ ឆ្នាំខាងលើនេះគឺបានស្លាប់បាត់បង់ជីវិតដោយសារCovid-19 វ៉ៃលុកលឿនហើយឱ្យរលាកសួតដែលសងខាងធ្ងន់ធ្ងរខ្លាំងពេក»។

គួររំលឹកថា មានជនជាតិខ្មែរដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន៤នាក់នាពេលកន្លងមក គឺទី១- បុរសជនជាតិ​ខ្មែរ​​​វ័យ៥០ឆ្នាំម្នាក់រស់នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ កើតជំងឺកូវីដ-១៩ បានបាត់បង់ជីវិតជាលើកដំបូង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១, ទី២-ស្រ្តីជនជាតិខ្មែរម្នាក់មានវ័យ៦២ឆ្នាំ(ភរិយាតារាចម្រៀងហួរ ឡាវី) បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី នាថ្ងៃទី១៩ខែមីនាឆ្នាំ២០២១:ទី៣-បុរសអាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ១៩ មីនាឆ្នាំ២០២១ និងទី៤-លោកវេជ្ជបណ្ឌិត ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍និងជាប្រធានគណៈកម្មការវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានអាសយដ្ឋាននៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានទទួលមរណភាពនៅថ្ងៃទី២២ខែមីនាឆ្នាំ២០២១ វេលាម៉ោង៨ព្រឹកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

-->
adverise with khmeread