រថយន្តដឹកដីបើកបុកម៉ូតូបណ្តាលឱ្យយោធាពាក់ស័ក្តិ៥ម្នាក់បាត់បង់ជីវិត

ភ្នំពេញ ៖ ទាហានម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូបត់ឆ្វេងក៏ត្រូវរថយន្តដឹកដីមកបុក ពេញទំហឹង កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចទល់មុខក្រុមហ៊ុន Suzuki ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ពៅ វិច្ឆិកា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរយោធានៅអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ឋានន្តរស័ក្តិវរសេនីយឯក( ស័ក្តិ៥) មានស្រុកកំណើត នៅក្នុងភូមិតាំងក្រាំង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកស្កូពី ពណ៌ស
ពាក់ស្លាកលេខ ភ្នំពេញ1BC-6390។

ចំណែករថយន្តម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-9187 ប្រភេទក្បាលសណ្តោង រ៉ឺម៉កខាងក្រោយ ពាក់ស្លាកលេខ ភ្នំពេញ 4A-6837 បើកបរដោយបុរសម្នាក់ឈ្មោះជ ថាច ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិទួលឃ្នាស ឃុំជុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ 

យោងតាមសម្ដីមិត្តភក្កិ របស់ជនរងគ្រោះបានឱ្យដឹងថា ដំបូងជនរងគ្រោះជិះម៉ូតូម្នាក់ឯង ចេញពីក្នុងអគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើត។ 

ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃកំពុងតែបត់ត្រឡប់ក្រោយវិញ ក៏ស្រាប់តែមានរថយន្តដឹកដីមកពីលិចយ៉ាងលឿន មកបុកជនរងគ្រោះយតែម្ដង។ បន្ទាប់មករថយន្ត បានព្យាយាមបើករត់ចម្ងាយប្រហែល ៥០ម៉ែត្រទុកឡានចោល រត់ចូលទៅក្នុងរោងចក្រ តែត្រូវសមត្ថកិច្ចតាមចាប់បានមកវិញ។ 

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ, ចំណែកសពត្រូវសាច់ញាតិដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ 


 

-->
adverise with khmeread