លួចម៉ូទ័រនិងសម្ភារៈសំណង់ត្រូវបានប៉ូលិសឃាត់ខ្លួនម្នាក់, រត់រួចម្នាក់

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមធ្វើសកម្មភាពលួចម៉ូទ័រនិងសម្ភារៈសំណង់មួយចំនួនទៀត ត្រូវបានម្ចាស់ផ្ទះឆែកកាមេរ៉ាសុវត្ថិភាពឃើញតាមចាប់បានម្នាក់, រត់រួចម្នាក់ ខណៈកំពុងចូលលួចក្នុងផ្ទះកំពុងសាងសង់មួយកន្លែង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចមុខផ្ទះលេខ៥៩ តាមបណ្តោយផ្លូវលេខ៣ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ ចេង ប៉ារ៉ា អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរដើររើសអេតចាយ ស្នាក់នៅម្តុំព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅក្នុងភូមិផ្អេរ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង, ចំណែកបក្ខពួកម្នាក់ទៀតបានរត់បាត់។

យោងតាមសម្តីម្ចាស់សម្ភារៈបានរៀបរាប់ថា ដំបូងពួកគាត់បានបាត់ម៉ូទ័រមួយគ្រឿងនិងសម្ភារៈសំណង់មួយចំនួនទៀត កាលវេលាម៉ោង៣និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២២ ខែមីនា ​ឆ្នាំ២០២១ ហើយគាត់ក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាពក៏ឃើញជនសង្ស័យមានគ្នា២នាក់ចូលមកលួច ទើបនៅម៉ោងកើតហេតុខាងលើពួកគាត់តាមចាប់បានម្នាក់យកមកដាក់នៅកន្លែងកើតហេតុរង់ចាំសមត្ថកិច្ចមកយកទៅសួរនាំ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចោមចៅទី ៣យកទៅសួរនាំនិងបន្តទៅតាមនីតិវិធីនៃច្បាប់៕


 

-->
adverise with khmeread