ឆក់កាបូបពីនារីម្នាក់បានសម្រេចនៅខណ្ឌទួលគោករត់មកជាប់ខ្នោះប៉ូលិសខណ្ឌ ៧មករា

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីនារីវ័យក្មេងស្រស់ស្អាតម្នាក់បានសម្រេច រួចព្យាយាមបើករត់ត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋដេញចាប់បានប្រគល់ជូនប៉ូលិស កាលពីវេលាម៉ោង៨យប់ថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ដួង ច័ន្ទបញ្ញា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវមាត់ទន្លេ សង្កាត់-ខណ្ឌជ្រោយចង្វារ និង២-ឈ្មោះ លាវ សៀវឡុង ភេទប្រុស អាយុ១៧ឆ្នាំមុខរបរសិស្សថ្នាក់ទី១២ នៅសាលាឫស្សីកែវ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ចំណែកជនរងគ្រោះឈ្មោះ យៀក គឹមហ្វី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅបុរីប៉េងហួត ម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅក្នុងកាបូបមានតែទូរស័ព្ទមួយគ្រឿងនិងលុយខ្មែរ១ម៉ឺនរៀល។

តាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា ដំបូងរូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-x ពណ៌ស ពាក់ស្លាកលេខ រតនគីរី 1E-7375 ទើបនឹងចេញពីហូបចុកជាមួយមិត្តភក្កិមួយកន្លែង រួចបន្តទៅជួបជុំមិត្តភក្កិមួយកន្លែងទៀតនៅម្ដុំឯមាត់ទន្លេ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IA-1696 ធ្វើដំណើរមកពីក្រោយរួចបានធ្វើសកម្មភាពឆក់កាបូបរូបគាត់បានសម្រេច។

ប្រភពដដែលបានបន្តទៀតថា ភ្លាមនោះជនសង្ស័យ បាននាំគ្នាជិះម៉ូតូគេចខ្លួនរូបគាត់ក៏បានជិះម៉ូតូដេញហើយស្រែកចោរៗផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវឃើញហេតុការណ៍នេះក៏បាននាំគ្នាជិះដេញ រហូតធ្វើឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា ដេញជាមួយជនរងគ្រោះនិងប្រជាពលរដ្ឋ មកដល់ផ្លូវលេខ១១៨ ខាងក្រោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ជនសង្ស័យបានផ្ដួលម៉ូតូរួចនាំគ្នារត់គេចខ្លួនបន្តទៀត តែត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋព័ទ្ធចាប់បានភ្លាមៗ រួចក៏បញ្ជូនជនសង្ស័យនិងជនរងគ្រោះមកប៉ុស្ដិ៍រដ្ឋបាលសង្កាត់មិត្តភាពដើម្បីធ្វើការសួរនាំបន្ត។

បច្ចុប្បន្នជនសង្ស័យនិងជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលមិត្តភាព បានប្រគល់ជូនទៅកម្លាំងប៉ូលិសខណ្ឌទួលគោកយកទៅចាត់ការបន្តទៅតាមនីតិវិធីច្បាប់។ ចំណែកកាបូបសមត្ថកិច្ចបានប្រគល់ទៅឱ្យជនរងគ្រោះវិញ៕

-->
adverise with khmeread