ឃាត់ជនសង្ស័យ២នាក់ចំណោម៨នាក់ប្រើដាវកាប់ប្លន់យកម៉ូតូមិនបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ចំណោម៨នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន នាវេលាម៉ោង១១និង ៣០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីបានប្រើដាវ និងកាំបិតកែច្នៃ, ដំបងដែកទីបវ៉ៃប្លន់យកម៉ូតូមិនបានសម្រេច តែបណ្តាលឱ្យជនរងគ្រោះរបួស កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១ និង១០នាទីយប់ ត្រង់ចំណុចផ្លូវ៥០ម៉ែត្រកែងផ្លូវចូលភូមិទួលពង្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ រិន ណារុំ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ទីលំនៅផ្ទះលេខ៣២A ផ្លូវលេខ៤ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ សួន សុភាព ហៅភាព ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និង២-ឈ្មោះ ព្រំ សុខជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងចាប់យកម៉ូតូចំនួន០១គ្រឿង, ដំបងដែកទីបប្រវែង៤០សង់ទីម៉ែត្រចំនួន០១ដើម។

ប៉ូលិសបន្តថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៤០នាទីយប់ ជនរងគ្រោះឈ្មោះ រិន ណារុំ ភេទប្រុសអាយុ៣០ឆ្នាំ និងប្រពន្ធឈ្មោះ កង សុខណា អាយុ៣២ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខកណ្តាល 1K-5284 (ប្រពន្ធជាអ្នកបើក ជនរងគ្រោះអង្គុយខាងក្រោយ) ចេញពីផ្ទះ ស្ថិតនៅភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដើម្បីទៅផ្ទះមួយទៀត ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ពេលជនរងគ្រោះ និងប្រពន្ធបើកម៉ូតូតាមផ្លូវបេតុង៥០ម៉ែត្រ ពីកើតទៅលិច ដល់ចំណុចផ្លូវកែងបត់ចូលភូមិទួលពង្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យ០១ក្រុមមានគ្នាប្រហែល០៨នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ចំនួន០៤គ្រឿង ប្រដាប់ដោយដំបងដែកទីប ដាវ និងកាំបិតកែច្នៃ ដេញតាមពីក្រោយជនរងគ្រោះ ហើយប្រើដាវកែច្នៃ កាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យត្រូវចំដើមដៃខាងឆ្វេង រងរបួសស្រាល រួចជនរងគ្រោះក៏បានធាក់ម៉ូតូជនសង្ស័យដួលទៅលើផ្លូវបេតុង១គ្រឿង ហើយប្រាប់ឱ្យប្រពន្ធបើកម៉ូតូទៅមុខឱ្យលឿន ហួសទៅផ្ទះស្ថិតនៅភូមិព្រៃព្រីងខាងជើងតែម្តង។

លុះនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះបានរាយការណ៍ប្រាប់ប៉ូលិសតាមរយៈទូរស័ព្ទ អំពីហេតុការណ៍ខាងលើ តែមិនបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលព្រៃសភ្លាមទេ ដោយសារជនរងគ្រោះមានធុរៈផ្ទាល់ខ្លួន។ រហូតថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទីយប់ កម្លាំងប៉ូលិសខណ្ឌដង្កោ បានជិះម៉ូតូល្បាតនៅលើផ្លូវ៥០ម៉ែត្រ ដល់ចំណុចផ្លូវបត់ចូលភូមិទួលពង្រខាងលើ ក៏បានជួបនឹងជនសង្ស័យ៣នាក់ កំពុងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GI-3457 ១គ្រឿង ឌុបគ្នាបម្រុងធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូ ហើយសមត្ថកិច្ចក៏បានហៅឱ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ រួចជនសង្ស័យម្នាក់ឈ្មោះ ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ក៏បានឈប់ម៉ូតូ ហើយរត់គេចខ្លួនបាត់។ 

សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យជាបក្ខពួក២នាក់រួមមាន ទី០១-ឈ្មោះ សួន សុភាព ភេទប្រុស អាយុ១៨ឆ្នាំ និងទី០២-ឈ្មោះ ព្រំ សុខជា ភេទប្រុស អាយុ១៨ឆ្នាំ រួមជាមួយវត្ថុតាង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GI-3457 និងដំបងដែកទីបប្រវែង៤០សង់ទីម៉ែត្រចំនួន០១ដើម យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតាមនីតិវិធីច្បាប់។ 

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពប្រាប់ប៉ូលិសថា «រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាធ្វើសកម្មភាពប្រើដំបងដែកទីប, ដាវ និងកាំបិតកែច្នៃ កាប់ទៅលើជនរងគ្រោះប្លន់យកម៉ូតូ តែមិនបានសម្រេច» ហើយសមត្ថកិច្ចក៏បានជូនដំណឹងទៅជនរងគ្រោះឱ្យមកមើលមុខជនសង្ស័យ និងដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០២នាក់ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕

-->
adverise with khmeread