បុរសជាកម្មករសំណង់ម្នាក់មកពីធ្វើការវិញពេលល្ងាច, ព្រឹកឡើងដេកស្លាប់

ពោធិ៍សាត់ ៖ បុរសជាកម្មករម្នាក់ត្រូវបានអ្នកស្រុកប្រទះឃើញដេកស្លាប់ក្នុងផ្ទះដោយសង្ស័យគាំងបេះដូងបណ្តាលមកពីខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិង អាជ្ញាធរចុះដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១កន្លងទៅ នៅចំណុចផ្ទះរបស់ខ្លួន ស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុង- ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងជនរងគ្រោះឈ្មោះ ពៅ ណូ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ សង្កាត់ខាងលើ បានចេញពីផ្ទះទៅប្រកបកិច្ចការជាកម្មករសំណង់១កន្លែងដូចដែលគាត់ធ្លាប់បានបំពេញកិច្ចការនេះកន្លងមក ខណ:ប្រកបកិច្ចការរួចរាល់ហើយជនរងគ្រោះក៏ត្រឡប់មកផ្ទះវិញ។

លុះដល់ថ្ងៃកើតហេតុជនរងគ្រោះទំនងមិនសូវស្រួលខ្លួន ខណ:ពេលបរិភោគអាហារពេលល្ងាចរួចក៏បានចូលដំណេកតាំងពីក្បាលព្រលប់ រហូតដល់ក្រុមគ្រួសារមានការងឿងឆ្ងល់ក៏ទៅមើលប្រទះឃើញជនរងគ្រោះដេកស្តូកស្តឹងហាក់ដូចជាគ្មានដង្ហើម ក្រុមគ្រួសារចាប់អង្រួនបានដឹងថា ជនរងគ្រោះដាច់ខ្យល់ស្លាប់ ភ្លាមៗនោះក៏បានផ្តល់ព័ត៌មានជូនអាជ្ញាធរមូលដ្ឋានតែម្តង។

ក្រោយពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ពិនិត្យធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះ បានសន្និដ្ឋានថា «ជនរងគ្រោះស្លាប់ដោយមូលហេតុមកពីបណ្តា គាំងបេះដូង (ខ្យល់គរ) ទើបធ្វើឱ្យគាត់ស្លាប់បែបនេះ»។ សាកសពត្រូវបានមន្ត្រីប៉ូលិសមូលដ្ឋានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread