រថយន្តធុនធំសណ្តោងរ៉ឺម៉កបើកបុកហើយកិនលើម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅស្រុកស្អាង

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ​សណ្ដោង​រ៉ឺម៉កនិងម៉ូតូបណ្ដាលឱ្យមនុស្សម្នាក់​ស្លាប់ កើតឡើង នាថ្ងៃ អង្គារទី​២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​ ១២និង ៣០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិ​ស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា មុនពេលកើតហេតុ​មានម៉ូតូមួយគ្រឿងម៉ាក​ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ព4511 ភព1 បើកបរក្នុងទិសដៅ ពី​ជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ) បើកបរដោយឈ្មោះ សុំ​ សួរ​ ភេទប្រុស​ អាយុ​៤៧ឆ្នាំ​ មុខរបរ​កសិករ​មានទីលំនៅ​ ភូមិ​អន្លង់តាសេកលើ ឃុំ​ព្រែកអំបិល ស្រុក​ស្អាង ខេត្តកណ្ដាល​ (ពាក់មួកសុវត្ថិភាព)​ ។ 

លុះពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌​ បៃតងខ្ចី​លាយស ពាក់ស្លាកលេខ​ ភ្នំពេញ ​3D-8013  និង​សណ្ដោងរ៉ឺម៉កមានស្លាកលេខភ្នំពេញ4A-4560 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ​ រត់គេចពីកន្លែងកើតហេតុមុនពេលសមត្ថកិច្ចទៅដល់ (បើកបរក្នុងទិសដៅបញ្រ្ជាសទិសគ្នា)​ ពីត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ)។

ពេលនោះ បានមកបុកជាមួយម៉ូតូ និងបានកិនពីលើម៉ូតូហើយបណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ ក្រោយពី​បាន​ទទួល​ពត៌មាន​សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងវាស់វែងកន្លែងកើតហេតុ រួចយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់។ 

ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចថា «ករណីនេះបណ្ដាលមកពី​អ្នកបើកបររថយន្ដ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ខ្ជីខ្ជា​ បើកបរក្នុងល្បឿនលឿន​ ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង​»៕

-->
adverise with khmeread