ភ្លើងឆេះជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បណ្តាលឱ្យស្លាប់ ១៥ នាក់ បាត់ខ្លួនជាង ៤០០ នាក់

អគ្គីភ័យដ៏ធំសម្បើមបានរាលដាលពាសពេញជំរំរ៉ូហ៊ីងយ៉ានៅទីក្រុង Cox's Bazar ប្រទេសបង់ក្លាដែស។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថាមនុស្សចំនួន ៤៥.០០០ នាក់ត្រូវបានផ្លាស់ប្តូរទីលំនៅ និងយ៉ាងហោចណាស់ ១៥ នាក់បានស្លាប់និង ៤០០ នាក់ទៀតនៅទាន់មិនរាប់បញ្ចូល។

នៅពេលភ្លើងឆាបឆេះជម្រកបណ្តោះអាសន្នរាប់ពាន់ លោក Saiful Arakani អាយុ ២៥ ឆ្នាំជាជនភៀសខ្លួនចាស់នៅទីនោះបានរត់ចូលទៅក្នុងផ្សែងពុលដើម្បីស្វែងរកអ្នកនៅរស់។

លោក Saiful បាននិយាយថា "មនុស្សបានក្លាយទៅជាផេះនៅពីមុខភ្នែករបស់ខ្ញុំ" ។

រួមជាមួយអ្នកស្ម័គ្រចិត្តជាច្រើននាក់ទៀត Saiful បានប្រើអាវនិងភួយរបស់គាត់ដើម្បីជួយសង្រ្គោះអ្នកដែលត្រូវភ្លើងឆេះ។ Saiful ជាអ្នកថតរូបអាជីពម្នាក់បានកាន់ទូរស័ព្ទតែមួយគ្រឿងរបស់គាត់តាមខ្លួន ប៉ុន្ដែគាត់អាចបានចាប់យករូបភាពនៃភាពវឹកវរនិងការបំផ្លិចបំផ្លាញបានខ្លះៗដែរ។

គាត់បាននិយាយថា "ខ្ញុំចាប់ផ្តើមថតរូប ប៉ុន្តែខ្ញុំមិនអាចឈប់យំបានទេ" ។

ក្នុងចំណោមរូបថតទាំងអស់ដែលគាត់បានថត រូបដែលគួរឱ្យភ្ញាក់ផ្អើលបំផុតគឺការផ្ដិតយករូបភាពសាកសពដែលត្រូវបានដុតខ្លោចយ៉ាងធ្ងន់ធ្ងររបស់កុមារចេះដើរតេះតះ។ សពរបស់ក្មេងប្រុសនេះនៅជាប់នឹងប្រដាប់ប្រដាក្មេងលេងតូចមួយដែលជាប់នឹងពោះរបស់វា។ 

ជាទីជម្រករបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា១លាននាក់ ជំរំនៅ Cox's Bazar នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែសមានចំនួន ៣៤ ជំរំ។ ជនជាតិរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេសកំណើតរបស់ពួកគេនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការបង្ក្រាបដ៏សាហាវមួយកាលពីឆ្នាំ ២០១៧ ៕

-->
adverise with khmeread