រថយន្តធុនធំដឹកផ្លែរស្វាយប៉ះជាមួយរថយន្តហាយលេនឌ័រភាគីទាំងពីរជជែកគ្នាយកត្រូវរៀងៗខ្លួន

ភ្នំពេញ ៖ រថយន្តធុនធំដឹកផ្លែស្វាយមួយគ្រឿងបើកទៅប៉ះជាមួយរថយន្តហាយលេនឌ័រ ភាគីទាំងពីរជជែកគ្នាយកត្រូវរៀងៗខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីវេលាម៉ោង១១យប់ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចគល់ស្ពានអាកាសចោមចៅ តាមបណ្ដោយផ្លូវជាតិ លេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ស ​ពាក់ផ្លាកលេខតាកែវ 2A.3382 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ​លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តដឹកទំនិញធុនធំមួយគ្រឿង (ដឹកផ្លែស្វាយ) ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ផ្លាកលេខព្រះ សីហនុ​ 3A-5399 បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតធ្វើដំណើរមក ពីក្រោយស្របទិសដៅគ្នា បានប៉ះជាមួយនឹងរថយន្តហាយលេនឌ័រខាងក្រោយចំហៀងខាងឆ្វេង និងធ្លាក់កាង បណ្តាលឱ្យរងការខូចខាត យ៉ាងដំណំ។ បន្ទាប់មកភាគីទាំងពីរបានប្រកែកគ្នាយកត្រូវរៀងៗខ្លួន។ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានព្យាយាមឱ្យភាគីទាំងសង្ខាងធ្វើការសម្រុះសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង បន្ទាប់មកខាងភាគីរថយន្តដឹកទំនិញមិនចង់មានរឿងវែងឆ្ងាយ និងប្រញាប់យកផ្លែស្វាយទៅឱ្យម៉ូយផង  ក៏បានចេញសំណងចំនួន១០០ដុល្លារឱ្យទៅខាងភាគីរថយន្តហាយលេនឌ័រដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

-->
adverise with khmeread