ភ្លើងឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង,របួសកម្មករម្នាក់និងឆេះរោងបាយទាំងស្រុង

កណ្តាល ៖ មានករណីគ្រោះអគ្គិភ័យឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង បង្កការភ្ញាក់ផ្អើល នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស (7NG) ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ខណៈកម្មករកំពុងធ្វើការ បណ្តាលឱ្យកម្មករម្នាក់របួស និង ឆេះរោងបាយកម្មករទាំងស្រុង។

សមត្ថកិច្ចនិយាយថា បន្ទាប់ពីមានហេតុការណ៍កើតឡើង លោក ប៊ុន ផេងអភិបាលស្រុកខ្សាច់កណ្ដាល,លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល ដឹកនាំបញ្ជាផ្ទាល់ និងអាជ្ញាធរភូមិ-ឃុំ ,កងរាជអាវុធហត្ថ,ប៉ូលិសប៉ុស្តិ៍វិហារសួគ៌រួមទាំងកម្មកររោងចក្របានរួមកម្លាំងសាមគ្គីគ្នាជួយពន្លត់ទាន់ពេលវេលា។

សមត្ថកិច្ចបន្តថា ម្ចាស់រោងចក្រឈ្មោះ ចាង សាងហូ ភេទប្រុស អាយុ ៤៦ឆ្នាំជាជនជាតិកូរ៉េខាងត្បូង មានកម្មកររោងចក្រមានចំនួន១៦៧៥នាក់ស្រី១៣១៨នាក់ ដែលកំពុងធ្វើការងារ។ រោងចក្រដែលឆេះមានបណ្ដោយ១២០ម៉ែត្រទទឹង៨០ម៉ែត្រ ភ្លើងបានឆេះរោងបាយកម្មករទំហំបណ្ដោយ៨០និងទទឹង១៥ម៉ែត្រ។

សមត្ថកិច្ចបន្តថា ករណីនេះបណ្ដាលឱ្យមានកម្មករម្នាក់រងរបួសស្រាលឈ្មោះ ភឹម រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាល ជាកម្មករផ្នែកជាង។ ខូចខាតសម្ភារៈមានម៉ាស៊ីនភ្លើងធំចំនួន០១គ្រឿង, ម៉ាស៊ីនស្កេនក្រយ៉ៅដៃ១៥គ្រឿង, តុបាយ, កៅអី និង កង្ហាមួយចំនួន។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា មូលហេតុដោយសារទុស្សេខ្សែភ្លើងនៅក្បែររោងបាយហើយបានឆាបឆេះផ្នែករោងម៉ាស៊ីនរហូតដល់រោងបាយតែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ ។

ខណៈនោះសមត្ថកិច្ចជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកខ្សាច់កណ្ដាល បានប្រើរថយន្តពន្លត់អគីភ័យស្រុកខ្សាច់កណ្ដាល០១គ្រឿងនិងរថយន្តទឹក (7NG) ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៥គូប ទើបរលត់ទាំងស្រុង៕

-->
adverise with khmeread