ស្ត្រីម្នាក់ជិះម៉ូតូចតទុកនៅលើភ្លឺស្រែ ហើយចុះទៅបូមទឹកដាក់ស្រែបានប្រហែល១៥នាទីត្រូវចោរលួចយកទៅបាត់

កណ្តាល ៖ ស្ត្រីម្នាក់ជិះម៉ូតូចតទុកនៅលើភ្លឺស្រែ ហើយចុះទៅបូមទឹកដាក់ស្រែបានប្រហែល១៥នាទីត្រូវចោរលួចយកទៅបាត់កាលពីថ្ងៃទី ២៣មីនាឆ្នាំ២០២១​ វេលា​ម៉ោង​៦និង១៥នាទីល្ងាចនៅចំណុចភូមិ​ម្កាក់​​ ឃុំ​ដើមឫស​​​​​ ​ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយក៏ប្តឹងដល់ប៉ូលិសឱ្យស្រាវជ្រាវចាប់ខ្លួនបានកាលពី២៤ មីនា ឆ្នាំ២០២១រួចបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកចាត់ការបន្ត។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ​ សុន​ សំបូរ​​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​​ ទីលំនៅបច្ចុប្បន្នភូមិ​ម្កាក់​​ ឃុំ​ដើមឫស​ ស្រុក​កណ្ដាល​​ស្ទឹង ​ខេត្ត​កណ្ដាល​ មុខរបរ​កម្មការិ​នី​​រោងចក្រ​។ ចំណែកជនសង្ស័យឈ្មោះ​ គ្រី​ វី​​ ភេទ​ប្រុស​ អាយុ​៣៨ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ម្កាក់​ ឃុំ​ដើមឫស​ ស្រុក​កណ្ដាល​ស្ទឹង​​ ខេត្ត​កណ្ដាល​មុខរបរ​ មិន​ពិត​ប្រាកដ​ ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​កណ្ដាល​រយៈ​ពេល​ ០១ឆ្នាំ​ពីបទ​ អំពើ​លួច​ម៉ូតូ​។ វត្ថុតាងចាប់យក ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ សេ១២៥ ស៊េរី​ឆ្នាំ​ ២០១៨​ ពណ៌​ខ្មៅ​ គ្មាន​ពាក់ស្លាកលេខ​ ជារបស់​ជនគ្រោះ​។ សម្ភារៈ​បាត់​បង់​រួម​មានស្លាក​លេខ​សម្គាល់​យានយន្ត​ ០១​ សន្លឹក​(កណ្ដាល​ 1Z-5371)។

ប៉ូលិសបន្តថា ដំបូង​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុង​ដា សេ១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៨​ ពាក់​ស្លាក​លេខ​ កណ្ដាល​1Z-5371 ចេញ​ពី​ផ្ទះ​ដើម្បី​ទៅ​បូម​ទឹក​ដាក់ស្រែនៅខាង​កើត​ភូមិ​។ ពេល​ជិះទៅជិតដល់ស្រែ​របស់​ខ្លូន​ប្រហែល​១០០​ម៉ែត្រ​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ និង​ចាក់សោ​​កម៉ូតូជាប់​​​នៅខាងជើង​ផ្លូវ​លំ​រួចចុះដើ​រទៅមើលទឹកស្រែបាត់ទៅ​។

ក្រោយមក​ប្រហែល​១៥​នាទី​ជនរងគ្រោះ​បានត្រឡប់មកពីមើលទឹកស្រែវិញមិន​ឃើញ​ម៉ូតូ​ ក៏​ស្រែក​ឆោឡោ​ផ្អើល​អ្នក​ភូមិ​ជួយ​ដើររក​ ដោយមាន​ការ​សង្ស័យ​ឈ្មោះ​ គ្រី​ វី ប្រជាពលរដ្ឋ​បាននាំ​គ្នាទៅមើលផ្ទះរបស់ជន​សង្ស័យ​ឃើញ​ម៉ូតូ​របស់ខ្លួន​នៅក្នុង​បន្ទប់​ទឹក,​ តែ​ត្រូវ​ជន​សង្ស័យ​ដោះ​ស្លាក​លេខ​ចោលបាត់​។

ភ្លាម​នោះ​ជនរងគ្រោះ​បានតេ​ប្តឹង​ដល់ប៉ូលិស​ប៉ុស្តិ៍​​រដ្ឋ​បាល​ឃុំ​ដើមឫស​ ពេលទទួលបាន​ព័ត៌មាន​កម្លាំង​ជំនាញ​​ព្រហ្មទណ្ឌ​​ស្រុកកណ្តាល​ស្ទឹង​ សហការ​ជាមួយ​កម្លាំង​ប៉ូលិសប៉ុស្តិ៍​ចុះ​ទៅដល់ផ្ទះ​ជនសង្ស័យ​ តែត្រូវ​ជនសង្ស័យ​គេច​ខ្លូន​បាត់​ និង​ធ្វើ​ការ​ចាប់យកវត្ថុតាងយកមក​រក្សានៅ​អធិការ​ដ្ឋាន​ដើម្បី​ស្រាវជ្រាវ​បន្ត​។

លុះដល់​ថ្ងៃ​ទី​២៤​ ខែមីនា​ឆ្នាំ​ ២០២១​ កម្លាំង​ប៉ូលិសជំនាញ​ព្រហ្មទណ្ឌ​ស្រុកកណ្តាល​ស្ទឹង​ សហការ​ជាមួយ​កម្លាំងប៉ូលិស​ប៉ុស្តិ៍​​រដ្ឋ​ឃុំ​ដើមឫស​ ធ្វើ​ការ​ស្រាវជ្រាវ​ និង​ឃាត់​ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​ដើម្បី​បន្តនី​តិ​វិធី​ច្បាប់​៕

-->
adverise with khmeread