ឥណ្ឌាអះអាងថារកឃើញវីរុសកូរ៉ូណាមួយ "អាចបំលែងខ្លួនបានពីរ" ចម្លងយ៉ាងងាយនិងគេចផុតពីវ៉ាក់សាំង

កាលពីថ្ងៃពុធទី២៤មីនា ឥណ្ឌាបានអះអាងថា ខ្លួនបានរកឃើញ មេរោគកូរ៉ូណា "បំលែងខ្លួនទ្វេ" ដែលអាចឆ្លងរាលដាលយ៉ាងងាយនិងធ្វើឱ្យវ៉ាក់សាំងលែងសូវមានប្រសិទ្ធភាព។ នេះយោងតាមកាសែត Daily Mail សរសេរនៅថ្ងៃដដែល។ 

ក្រុមអ្នកស្រាវជ្រាវដែលគាំទ្រដោយរដ្ឋាភិបាលបានរកឃើញដានមេរោគបំលែងខ្លួនទ្វេនេះនៅក្នុងសំណាក ដែលបានយកនៅរដ្ឋ Maharashtra ភាគខាងលិចប្រទេស។

ពួកគេបានលើកឡើងថា មេរោគកូរ៉ូណាបំលែងខ្លួននេះគឺជាកូនកាត់នៃប្រភេទកូវីដពីរផ្សេងគ្នា ដែលជាព្រឹត្តិការណ៍ដ៏កម្រមួយបានកើតឡើងនៅពេលវីរុសពីរបញ្ចូលគ្នានៅក្នុងខ្លួនអ្នកផ្ទុកមេរោគ។

ក្រុមមន្ត្រីសុខាភិបាលឥណ្ឌានិយាយថា ការបំលែងខ្លួនរបស់មេរោគបែបនេះបានបង្ហាញពីហានិភ័យនៃ "ការរត់គេចពីភាពស៊ាំនិងការកើនឡើងនៃការឆ្លង"។ ប៉ុន្តែពួកគេបានបន្ថែមថា មេរោគបំលែងខ្លួនទ្វេនេះមិនត្រូវបានរកឃើញមានចំនួនច្រើនគ្រប់គ្រាន់នៅក្នុងរលកចុងក្រោយនៃការឆ្លងនៅឥណ្ឌានោះទេ។

មេរោគបំលែងខ្លួនទ្វេ ដែលគេមិនទាន់ដាក់ឈ្មោះឱ្យនេះ ប្រែរូបរាងចំនួន ២ ធំៗ ដែលធ្វើឱ្យអ្នកជំនាញព្រួយបារម្ភ។ មេរោគបំលែងឈ្មោះ E484Q និង L452R ដែលរកឃើញនៅលើស្ព៉ៃប្រូតេអ៊ីន ដែលប្រព័ន្ធភាពស៊ាំដាក់គោលដៅវាយប្រហារប្រឆាំងនឹងវីរុសកូរ៉ូណា ត្រូវគេគិតថាមានតួនាទីក្នុងការចម្លងនិងគេចចេញពីអង្គបដិប្រាណ។

ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រអង់គ្លេសបានប្រាប់កាសែតអនឡាញរបស់អង់គ្លេស Daily Mail កាលពីថ្ងៃពុធថា គ្មានភស្ដុតាងណាមួយដែលបង្ហាញថា វីរុសនេះគឺជា "ការបំលែងទ្វេ" នោះទេ នៅពេលដែលមេរោគពីរផ្គុំចូលគ្នា។

វេជ្ជបណ្ឌិត Simon Clarke ជាអ្នកជំនាញជីវវិទ្យាម៉ូលេគុលនៅសាកលវិទ្យាល័យរីដឌីង (Reading University) បាននិយាយថា វាទំនងជាមានមេរោគបំលែងខ្លួនមួយទៀតបានបង្កាត់ពូជដោយចៃដន្យជាមួយមេរោគបំលែងទាំងពីរ (E484Q និង L452R)។

លោកបានបន្ថែមទៀតថា "យើងមិនគួរព្យាយាមធ្វើឱ្យវាក្លាយទៅជាអ្វីមួយដែលមិនមែនជាវានោះទេ ពីព្រោះទំនងណាស់វាជារឿងដូចគ្នាដែលយើងបានឃើញនៅក្នុងមេរោគកូរ៉ូណាបំលែងខ្លួនផ្សេងទៀតដូចជាមេរោគបំលែងខ្លួននៅប្រេស៊ីលនិងអាហ្វ្រិកខាងត្បូង ដែលទាំងពីរនេះប្រែរូបជាច្រើនដងនៅលើស្ព៉ៃប្រូតេអ៊ីនរបស់ពួកវា។ ខ្ញុំមិនទាន់បានឃើញភស្តុតាងណាមួយបង្ហាញថាវាជាមេរោគបំលែងខ្លួនទ្វេនោះទេ"។

រហូតមកទល់ពេលនេះ មានមេរោគកូរ៉ូណាកូនកាត់តែមួយប្រភេទប៉ុណ្ណោះត្រូវបានរកឃើញ។ វាត្រូវបានរកឃើញនៅសហរដ្ឋអាមេរិកនិងជាការលាយបញ្ចូលគ្នារវាងមេរោគបំលែងខ្លួនរបស់អង់គ្លេសនិងមេរោគកូរ៉ូណាដែលរកឃើញនៅរដ្ឋកាលីហ្វ័រញ៉ា៕

-->
adverise with khmeread