បុរសជនជាតិបារាំងវ័យ៨៤ឆ្នាំស្លាប់នៅបុរីពិភពថ្មីគួរស្រូវ២​

ភ្នំពេញ ៖ មានករណីបុរសជនជាតិបារាំងស្លាប់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នាថ្ងៃពុធទី២៤ ខែមីនា ឆ្នាំ២០២១​​​ វេលាម៉ោង៥ និង២០នាទីល្ងាច នៅចំណុចក្នុងបុរីពិភពថ្មីគួរស្រូវ២​ ផ្ទះលេខ១៩ ផ្លូវលេខ១៣ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សាកសពឈ្មោះ CARAYON ភេទប្រុស ឆ្នាំកំណើត ២០-០១-១៩៣៧ សញ្ជាតិបារាំង ជនជាតិបារាំង មុខរបរនៅផ្ទះ កាន់លិខិតឆ្លងដែនលេខ 17AC68257 ស្នាក់នៅក្នុងបុរីពិភពថ្មីគួរស្រូវ២​ ផ្ទះលេខ១៩ ផ្លូវលេខ១៣ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

យោងតាមការបំភ្លឺពីឈ្មោះ ឡាយ ណារុន ភេទប្រុស ត្រូវជាកូនធម៌របស់ជនរងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ខ្លួនបានធ្វើដំណើរចេញពីផ្ទះដែលស្ថិតនៅត្រង់ចំណុចកើតហេតុខាងលើ ដើម្បីទៅមើលឪពុកធម៌របស់ខ្លួនឈ្មោះ CARAYON ភេទប្រុស អាយុ៨៤ឆ្នាំ ជនជាតិបារាំង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចារី ដោយមានជំងឺលើសជាតិស្ករ និងលើសឈាម។ 

សាក្សីបន្តថា ប៉ុន្តែដោយអាការៈរបស់គាត់កាន់តែធ្ងន់ធ្ងរ ទើបរូបខ្លួនបានសម្រេចចិត្តយកឪពុកធម៌របស់ខ្លួនមកផ្ទះហេតុខាងលើ ហើយបានដាក់អុកស៊ីសែនបន្តរហូតដល់វេលាម៉ោង៦ល្ងាច គាត់ក៏បានបាត់បង់ជីវិតទៅ ទើបខ្លួនបានរាយការណ៍ជូនសមត្ថកិច្ចហើយពុំមានការប្ដឹងផ្ដល់ទៅណាអ្វីទាំងអស់ដោយឪពុកខ្លួនឈ្មោះ CARAYON បានស្លាប់ដោយសារជម្ងឺប្រចាំកាយរបស់គាត់តែម្តង។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា «បុរសជនជាតិបារាំងស្លាប់ដោយរោគាពាធ»។ សពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


     

-->
adverise with khmeread