ក្មេងស្រីរងគ្រោះខ្មែរ៣នាក់ដែលត្រូវបានមេខ្យល់ឆបោកក្រោមរូបភាពយកទៅរៀបការជាមួយចិនបានមកដល់ភ្នំពេញហើយ

ភ្នំពេញ ៖ ក្មេងស្រីរងគ្រោះជនជាតិខ្មែរ៣នាក់ដែលត្រូវបានមេខ្យល់ឆបោកក្រោមរូបភាព យកទៅរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិចិន បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយកាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២១ ប៉ុន្តែកំពុងបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅ វិទ្យាល័យពោធិ៍ចិនតុង រាជធានីភ្នំពេញ ទើបប្រគល់ឱ្យក្រុមគ្រួសារវិញ។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានថ្លែងឱ្យដឹងនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ថា ក្មេងស្រីរងគ្រោះជនជាតិខ្មែរ៣នាក់ ដែលត្រូវបានមេខ្យល់ឆបោកទៅប្រទេសចិន បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១និង១៥នាទីយប់ តាមជើងយន្តហោះលេខ.MU759 តាមច្រកអាកាសយាន្តដ្ឋានអត្តរជាតិភ្នំពេញ។

លោកឧត្តមសេនីយ៍បន្តថា ក្មេងស្រីរងគ្រោះរួមមាន ទី១-ឈ្មោះ យ៉េន សុជាតា, ទី២.ឈ្មោះ សុខ ណា និងទី៣.ឈ្មោះ សៀន ស្រីណុច មានទីលំនៅ ស្រុកតំបែ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នក្មេងស្រីរងគ្រោះខាងលើ បាននិងកំពុងអនុវត្តវិធានចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យពោធិ៍ចិនតុង រាជធានីភ្នំពេញ។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ny Ka Met Ma បានផ្ញើសារចូលក្នុងប្រអប់សារគេហទំព័ររបស់ក្រុមប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិឈ្មោះ "ការពិតជា GCNP" ដោយសំណូមពរឱ្យអាជ្ញាធរជួយអន្តរាគមន៍សង្គ្រោះនាងមកកម្ពុជាវិញ ដោយពុំអាចស៊ូទ្រាំនឹងការធ្វើទារុណកម្ម អាហារហូបចុកមិនគ្រប់គ្រាន់ និងបង្ខាំងគ្មានសេរីភាព ព្រមទាំងគំរាមសម្លាប់"។ 

បន្ទាប់មានការឯកភាពពី លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ករណីនេះត្រូវបានបញ្ជូនមកនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីជាសមត្ថកិច្ចអន្តរាគមន៍ដោះស្រាយ។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បញ្ជាក់ថា បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ  ជំនាញនៃនាយកដ្ឋានបានធ្វើការទំនាក់ទំនងសម្របសម្រួលជាមួយឪពុកមាជនរងគ្រោះឱ្យមកដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ ដើម្បីឱ្យសមត្ថកិច្ចមានមូលដ្ឋានអនុវត្តគោលការណ៍ជំនាញនិងនីតិវិធី។ ជាមួយគ្នានោះជំនាញបានធ្វើការទំនាក់ទំនងជាមួយជនរងគ្រោះនៅប្រទេសចិនតាមប្រព័ន្ធ Facebook Messenger ដើម្បីទទួលបានព័ត៌មានលម្អិតក្នុងការកំណត់គោលដៅសង្គ្រោះ។ 

លុះនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ប៉ូលិសនាយកដ្ឋាន បានប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពីជនរងគ្រោះ និងបានផ្ញើជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងធ្វើការបន្តជាមួយស្ថានទូត និង អគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសចិន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ។

ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា  បានស្រាវជ្រាវស្វែងរកឃើញកន្លែងស្នាក់នៅរបស់ក្មេងស្រីរងគ្រោះខាងលើ គឺនៅខេត្តជាំងស៊ី ក្រុងណានឆាង ប្រទេសចិន និងបានសម្របសម្រួលអនុវត្តគោលការណ៍ជំនាញ និងនីតិវិធីនៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីបញ្ជូនជនរងគ្រោះត្រឡប់មកប្រទេសកម្ពុជាវិញ។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ថ្លែងថា «សូមឱ្យក្រុមគ្រួសារនារីរងគ្រោះ មេត្តាយោគយល់អធ្យាស្រ័យចំពោះភាពយឺតយ៉ាវក្នុងការបញ្ជូននារីរងគ្រោះមកកម្ពុជាវិញ ហើយភាពយឺតយ៉ាវនេះបណ្តាលមកពីតម្រូវការអនុវត្តនីតិវិធីក្នុងការចាត់បញ្ជូនជនរងគ្រោះ រួមជាមួយនឹងការអនុវត្តវិធានចត្តាឡីស័កនៅប្រទេសចិនផងដែរ»។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា តាមការស្រាវជ្រាវរបស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញរកឃើញស្ត្រីរងគ្រោះជនជាតិខ្មែរសរុបចំនួន ០៤នាក់ត្រូវបានជួយសង្គ្រោះក្នុងប្រតិបត្តិការខាងលើ ប៉ុន្តែអាចបំពេញបែបបទបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញបាន៣នាក់ ប៉ុណ្ណោះ ដោយសារតែជនរងគ្រោះឈ្មោះយ៉េន តី អាយុ១៦ ឆ្នាំកំពុងមានផ្ទៃពោះប្រហែល ៨ ខែ មិនអាចជិះយន្តហោះត្រឡប់មកកម្ពុជាវិញបានទេ ដោយរង់ចាំនីតិវិធីបន្ត។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បន្តថា ពាក់ព័ន្ធករណីជួញដូរមនុស្សដោយខុសច្បាប់ទៅកាន់ប្រទេសចិនពាក់ព័ន្ធជាមួយនារីរងគ្រោះខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ឈ្មោះ ស្រេង សិត ភេទស្រី អាយុ ៣៦ ឆ្នាំរស់នៅភូមិឈើទាលជ្រុំ ឃុំគោកស្រុក ស្រុកតំបែ ខេត្តត្បូងឃ្មុំ ដែលបាននាំជនរងគ្រោះឈ្មោះ យ៉េន សុជាតា ទៅប្រទេសចិន បង្ខំឱ្យរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ហើយជនត្រូវចោទខាងលើ ត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំសម្រេចបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្តរួចហើយ។

លោលឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមនាយកដ្ឋានជំនាញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន  ក៏ដូចជាអាជ្ញាធរចិន ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដោះស្រាយគ្រប់សំណូមពររបស់នាយកដ្ឋានជំនាញ ទទួលបានជោគជ័យជាបន្តបន្ទាប់ និងពិសេសសូមអរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គមដែលតែងតែចូលរួមចំណែកក្នុងកិច្ចការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងក៏ដូចជាការចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គម៕


 

-->
adverise with khmeread