បុរសម្នាក់បើកម៉ូតូបុករថយន្តធំដួល ហើយមានឡានមួយគ្រឿងទៀតបើកមកកិនរបួសធ្ងន់

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូបុករថយន្ត ហើយមានរថយន្ត បើកមកកិនបន្ថែមបណ្តាលឱ្យរងរបួសធ្ងន់អ្នកបើកម៉ូតូម្នាក់ កើតឡើងនាថ្ងៃពុធ ទី២៤ខែមីនាឆ្នាំ២០២១វេលាម៉ោង៩និង២០នាទីយប់នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែតលេខ ២៤.២៥ស្ថិតនៅក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយសមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់។

សមត្ថកិច្ចនិយាយថា ដំបូងមានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM ១២៥ (ប៊ិច)ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE.6106បើកបរដោយឈ្មោះ ផល សុខជា ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀន ខេត្តកណ្តាល បើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ។ 

ពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត ម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ប្រភេទក្បាលសណ្តោង ពាក់ស្លាកលេខភ្នំពេញ 3B-3663 សណ្តោង សឺមីរឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A.1028 ដែលបើកមានទិសដៅពីភ្នំពេញ ទៅអ្នកលឿងមិនស្គាល់អត្តសញ្ញាណ្ណ (រត់គេចខ្លួនបាត់មុនពេលសម្ថកិច្ចមកដល់)។

ក្រោយកើតហេតុមានរថយន្តមួយគ្រឿងទៀតមិនស្គាល់អត្តសញ្ញាណបានកិនលើអ្នកបើកម៉ូតូ និង ម៉ូតូដែលដួលនោះបណ្តាលឱ្យរងរបួសធ្ងន់ អ្នកបើកម៉ូតូឈ្មោះ ផល សុខជា រងរបួសធ្ងន់ត្រូវបានរថយន្តសង្រោះមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយដឹកយកទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ។ ចំណែកឯម៉ូតូនិងរថយន្តទាំង២គ្រឿងត្រូវបានកម្លាំងប៉ូលិសចរាចណ៍ យកមករក្សាទុកនៅអធិការស្រុកកៀនស្វាយ។

ចំណែករថយន្តដែលកិនមិនស្គាល់អត្តសញ្ញាណបានរត់គេចបាត់ ហើយប្រជាពលរដ្ឋបានឃាត់ជនសង្ស័យឈ្មោះ ឡុង ជីវន័្ត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ រាជធានីភ្នំពេញ គឺឃាត់នៅចម្ងាយ១,៥គ.ម ពីកន្លែងកើតហេតុ ដោយចោទថា «ជាអ្នកបើករថយន្ត»។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា «ករណីខាងលើបណ្តាលមកពីអ្នកបើកបរម៉ូតូឈ្មោះផល សុខជាបើកបរម៉ូតូបើកបរក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ន បើករំលោភលើចំណែកផ្លូវនៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ។ អ្នកបើករថយន្តរត់គេចមិននៅទទួលខុសត្រូវកន្លែងកើតហេតុ»៕

-->
adverise with khmeread