មនុស្សបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩នៅកម្ពុជាឡើងដល់៧នាក់ហើយ

ភ្នំពេញ ៖ មានមនុស្ស២នាក់បន្ថែមទៀតបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២១នេះ បន្ទាប់ពីមានមនុស្ស៥នាក់ហើយដែលបានបាត់បង់ជីវិតដោយសារជំងឺខាងលើនេះដូចគ្នា នៅព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញផ្សាយថ្ងៃនេះ។

អ្នកបាត់បង់ជីវិតទី១- ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករ freeland ​តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែងសេងចិន្តា (ហៅក្អីត) មានស្រុកកំណើតនៅភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានជំងឺធាត់កម្រិតមួយ និងលើសឈាម។

ក្រុមគ្រូពេទ្យបានរកឃើញមានរលាកសួតធ្ងន់ធ្ងរទាំងសងខាងនិងមានខ្សោយសួតខ្លាំង ហើយឃើញជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ អ្នកជំងឺបានទទួលមរណភាពនៅវេលាម៉ោង៧ និង៣៥នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង និងរលាកសួតសងខាងខ្លាំងដោយសារមេរោគកូវីត-១៩ វ៉ៃលុក។

ចំណែកអ្នកបាត់បង់ជីវិតទី២- ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស អាយុ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូនៅស្រុកកោះធំ ស្នាក់នៅសណ្ឋាគារយ៉ុងយ័ន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ រកឃើញមានជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ។ លុះដល់ថ្ងៃទី១៨ មីនា ឆ្នាំ២០២១ ទើបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ​ហើយក្រុមគ្រូពេទ្យរកឃើញអ្នកជំងឺមានរលាកសួតធ្ងន់ធ្ងរទាំងសងខាង និងខ្សោយសួតខ្លាំងរហូតដល់ប្រើម៉ាស៊ីនជំនួយ។

អ្នកជំងឺបានទទួលមរណភាពនៅវេលាម៉ោង៧ និង៤៥នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ​ដោយខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតសងខាងធ្ងន់ធ្ងរខ្លាំងដោយមេរោគកូវីដវ៉ែលុក។

គិតមកដល់ព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២១នេះ នៅកម្ពុជា មានអ្នកឆ្លងសរុប១៨៧២នាក់, អ្នកជាសះស្បើយ១០៥៦នាក់, អ្នកកំពុងព្យាបាល៨០៩នាក់ និងអ្នកស្លាប់៧នាក់។

គួររំលឹកថា មានជនជាតិខ្មែរដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន៤នាក់នាពេលកន្លងមកគឺ ៖ ទី១- បុរសជនជាតិ​ខ្មែរ​​​វ័យ៥០ឆ្នាំម្នាក់រស់នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ កើតជំងឺកូវីដ-១៩ បានបាត់បង់ជីវិតជាលើកដំបូង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី២-ស្រ្តីជនជាតិខ្មែរម្នាក់ឈ្មោះ ងឿន សុថានី វ័យ៦២ឆ្នាំ (ភរិយាតារាចម្រៀងហួរ ឡាវី) បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

ទី៣-បុរសឈ្មោះ គីម យីស៊ុន អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ១៩ មីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី៤-លោកវេជ្ជបណ្ឌិត ស្តើង ជា ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ​ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជាប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានអាសយដ្ឋាននៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានទទួលមរណភាពនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី៥-ម្តាយបង្កើតតារាកំប្លែងស្រី ពីន ក្រុមកំប្លែងនាយក្រឹមឈ្មោះ អ៊ិន ម៉ាធីតា អាយុ៦២ឆ្នាំ បានបាត់បង់ជីវិត នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ- រុស្ស៊ី ដែលជាអ្នកជំងឺកូវីដ-១៩ ៕

-->
adverise with khmeread