ឃាត់បុរសម្នាក់គំរាមសម្លាប់ឪពុកម្តាយ រឿងទារលុយថ្លៃលក់ដីបន្ថែមទៀតមិនបាន

កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងអំពើហិង្សាដោយចេតនាកើតឡើងនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩ព្រឹក នៅចំណុចផ្ទះឈ្មោះ យុន អឿន (ប្តីប្រពន្ធ) រស់នៅ ភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនិយាយថា អំពើហិង្សាខាងលើបង្កឡើងដោយឈ្មោះ ឈឺន យីម ហៅ (ម៉ោញ យីម) ភេទប្រុស អាយុ៤៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ អន្លុងកញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានមកទារលុយពីឪពុកម្តាយបង្កើតរបស់ខ្លួនឈ្មោះ យុន- អឿន (ប្តីប្រពន្ធ) ថ្លៃលក់ដី តែឪពុកម្តាយមិនឱ្យ, ព្រោះលុយចំណែករបស់ឈ្មោះឈឺន យីម (ហៅ ម៉ោញ យីម) ​នេះពួកគាត់បានប្រគល់ឱ្យរួចអស់ ហើយមិនមានការជំពាក់អ្វីទៀតនោះទេ។

ក្រោយពេលទារលុយមិនបានឈ្មោះ ឈឺន យីម (ហៅម៉ោញ យីម) បានជេរប្រមាថគំរាមកំហែងថា «នឹងកាប់សម្លាប់ចោលមួយគ្រួសារ ដោយមានកាន់កាំបិតប៉័ងតោជាប់នឹងដៃ និងថាបំផ្លាញទ្រព្យសម្បត្តិចោលឱ្យអស់»។ 

លុះដល់វេលាម៉ោង៤ល្ងាច នាថ្ងៃខែឆ្នាំដដែល ឈ្មោះឈឺន យីម (ហៅម៉ោញ យីម) បានធ្វើសកម្មភាពយកកាំបិតកកុកដងវែង ទៅកាប់បាឡាស្មាច់របស់ឈ្មោះ យុន អឿន (ប្តីប្រពន្ធ) ត្រូវជាឪពុកម្តាយបង្កើតរបស់ខ្លួនដែលចតទុកនៅក្បែររោងធ្វើស្រែប្រាំងនៅចំណុចបង្គោលកី ស្ថិតក្នុងភូមិសាស្ត្រភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង បណ្តាលឱ្យមុតខូចជាច្រើនកន្លែង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ូលិសបានធ្វើការឃាត់ខ្លួនជនសង្ស័យ ​និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅស្នងការដ្ឋានប៉ូលិសខេត្តចាត់ការបន្ត៕


 

-->
adverise with khmeread