តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកលាងដៃនឹងសាប៊ូតិចជាង ២០ វិនាទី?

ការលាងដៃគឺជាមធ្យោបាយមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារការឆ្លងរាលដាលមេរោគ។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់អាមេរិក (CDC) ណែនាំឱ្យលាងដៃឱ្យបានហ្មត់ចត់រយៈពេល ២០ វិនាទី។ ប៉ុន្តែតើអ្វីទៅជាមានសារៈសំខាន់នៃរយៈពេល ២០ វិនាទី? ប្រសិនបើយើងលាងសម្អាតដៃតិចជាងរយៈពេលមួយនេះ តើនឹងមានផលវិបាកអវិជ្ជមានពីការធ្វើបែបនេះទេ?

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យរដ្ឋមីស៊ីហ្គែនបានធ្វើការសិក្សាស្វែងយល់បន្ថែមអំពីទម្លាប់លាងដៃរបស់បុរសនិងស្ត្រី។ លទ្ធផលនៃការសិក្សាឆ្នាំ ២០១៣ បានបង្ហាញថាខណៈស្ត្រីទំនងជាលាងដៃបន្ទាប់ពីប្រើបន្ទប់ទឹកជាងបុរស គឺមានមនុស្សតែ ៥ ភាគរយប៉ុណ្ណោះក្នុងចំណោមមនុស្សជាង ៣.០០០ នាក់ដែលបានសង្កេត គឺលាងដៃរបស់ពួកគេពេញលេញ ២០ វិនាទី ដែលតម្រូវដើម្បីសម្លាប់មេរោគនិងបាក់តេរី (យោងតាម ទូរទស្សន៍ CNN) ។

នៅក្នុងបទសម្ភាសន៍ជាមួយវេបសាយ Slate លោកវេជ្ជបណ្ឌិត Robert Amler ព្រឹទ្ធបុរសនៃសាលាជំនាញវិទ្យាសាស្ត្រសុខាភិបាលនិងអនុវត្តនៅមហាវិទ្យាល័យវេជ្ជសាស្ត្រញូវយ៉កនិងជាអតីតប្រមុខមន្រ្តីវេជ្ជសាស្ត្រនៅ CDC បានពន្យល់ពីហេតុផលនៅពីក្រោយអនុសាសន៍ ២០ វិនាទី យ៉ាងដូច្នេះ "ការពិតគឺថាដៃរបស់អ្នកមានបរិមាណផ្ទៃជាក់លាក់ ហើយអ្នកត្រូវចំណាយពេលមួយវិនាទីឬច្រើនជាងនេះនៅក្នុងផ្ទៃនីមួយៗ។ អ្នកត្រូវដុសម្រាមដៃនិងបាតដៃរបស់អ្នក។ អ្នកត្រូវដុសខ្នងដៃ។ អ្នកត្រូវដុសគ្រប់ចន្លោះម្រាមដៃនិងមេដៃរបស់អ្នក និងកោសក្រឡាបាតដៃ ហើយប្រសិនបើអ្នកពិតជាចង់ដុសអ្វីទាំងអស់នោះ វាប្រហែលជាមានរយៈពេល ២០ វិនាទី"។

លោកបន្តថា ការលាងដៃតិចជាង ២០ វិនាទីនឹងអាចឱ្យអ្នកងាយរងគ្រោះពីមេរោគនិងបាក់តេរី ជាពិសេសក្នុងបរិបទជំងឺកូវីដ១៩។ 

ត្បិតដូច្នេះក្តី ក៏លោក Amler នៅតែជំរុញឱ្យលាងដៃជាជាងមិនលាងដៃសោះ៕ 

-->
adverise with khmeread