ស្ទះចរាចរណ៍នៅព្រែកជីកស៊ុយអេអាចមានរយៈពេលច្រើនសប្តាហ៍ ដោយសារកប៉ាល់កឿងនោះធំខ្លាំងពេក

ក្រុមអ្នកជំនាញបានព្រមានថាកប៉ាល់ដឹកទំនិញយក្សឆ្លងកាត់ច្រាំងព្រែកជីកស៊ុយអេកំពុងរារាំងការដឹកជញ្ជូនដែលមានតម្លៃប្រមាណ ៩,៥ ពាន់លានដុល្លារក្នុងមួយថ្ងៃរួមទាំងអាហារនិងប្រេងដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។

យ៉ាងហោចណាស់មាននាវាចំនួន ១៥០ គ្រឿងត្រូវបានជាប់គាំងនៅក្នុងព្រែកជីកដែលបណ្តាលមកពីនាវាដឹកទំនិញទម្ងន់ ២០០.០០០ តោនឈ្មោះ Ever Given ដែលបានកឿងជាប់នៅក្នុងច្រាំងតូចចង្អៀតកាលពីថ្ងៃអង្គារដោយទំនិញលើកប៉ាល់នោះមានតម្លៃ ២៩ ពាន់លានដុល្លារ។

ផលប៉ះពាល់បានរាលដាលនៅលើទីផ្សារពិភពលោករួចទៅហើយនៅពេលដែលតម្លៃប្រេងឆៅបានកើនឡើង ៦ ភាគរយកាលពីថ្ងៃពុធ ដែលបញ្ច្រាស់ការធ្លាក់ចុះញឹកញយក្នុងរយៈពេលប៉ុន្មានខែមកនេះ ដែលបណ្តាលមកពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។

ប៉ុន្តែតម្លៃពិតនៃគ្រោះមហន្តរាយនេះនឹងខ្ពស់ជាងនេះដោយសារការពន្យារពេលទំនិញសំខាន់ៗបណ្តាលឱ្យខាតបង់នៅក្រុមហ៊ុននានានៅជុំវិញពិភពលោក។ លោក Kate Harding នាយកប្រតិបត្តិក្រុមហ៊ុនទិន្នន័យពាណិជ្ជកម្ម Coriolis Technologies បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី២៥មីនាថា ហានិភ័យចំពោះពាណិជ្ជកម្មពិភពលោកគឺ "ធំធេងណាស់" ។

ប្រសិនបើរំដោះព្រែកនេះឱ្យបានឆាប់រហ័សទេ នោះក្រុមហ៊ុនដឹកជញ្ជូននឹងមិនមានជម្រើសអ្វីក្រៅពីឱ្យនាវាខ្លួនធ្វើដំណើរជុំវិញតំបន់ Cape of Good Hope នៅចុងទ្វីបអាហ្រ្វិក ជាផ្លូវដែលបន្ថែមរយៈពេល ១៤ ថ្ងៃនិងផ្លូវទឹកចម្ងាយ ៥.០០០ ម៉ាយល៍ (ជាង៨ពាន់គីឡូម៉ែត្រ)ក្នុងការធ្វើដំណើរ។

នោះអាចមានន័យថាថ្លៃទំនិញខ្ពស់ដែលដឹកជញ្ជូនទៅអឺរ៉ុបពីអាស៊ីរួមទាំងរថយន្ត គ្រឿងសំណង់ និងឧបករណ៍សង្គ្រោះបន្ទាន់សម្រាប់ជំងឺកូរ៉ូណា ខណៈក្រុមហ៊ុនដឹកជញ្ជូនបង្កើនការគិតថ្លៃដើម្បីទូទាត់ថ្លៃដើម។

ទន្ទឹមនឹងនេះនាយកប្រតិបត្តិនៃក្រុមអ្នកជំនាញហូឡង់ដែលនាំប្រតិបត្តិការជួយសង្គ្រោះមក បានព្រមានថាព្រែកនេះអាចបិទជាច្រើនសប្តាហ៍ ព្រោះកម្មករត្រូវបង្ខំចិត្តលើកកុងតឺន័រចុះពីកប៉ាល់កម្ពស់ ១០០ ហ្វីត ប្រសិនបើព្យាយាមជីករំដោះនាវាមិនបានសម្រេច៕

-->
adverise with khmeread