អ្នកលក់ថ្នាំញៀនម្នាក់ស្គាល់អត្តសញ្ញាណច្បាស់ លក់ឱ្យមនុស្ស៣នាក់នៅកៀនស្វាយត្រូវប៉ូលិសវ៉ៃខ្នោះ

កណ្តាល ៖ ជនសង្ស័យប្រុសស្រី៣នាក់ត្រូវបានប៉ូលិសស្រុកកៀនស្វាយវ៉ៃខ្នោះជាបន្តបន្ទាប់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២ និង១៥នាទី បន្ទាប់ពីបុរសម្នាក់ស្គាល់អត្តសញ្ញាណច្បាស់យកថ្នាំញៀនទៅលក់ នៅចំណុចភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ០៣ នាក់រួមមាន ១-ឈ្មោះ សុខ វាសនា ហៅយី ភេទប្រុស អាយុ ៣២ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន), ២-ឈ្មោះ អៀវ ប៊ុនហេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) និង៣-ឈ្មោះ ភី រុំ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបពុំពិតប្រាកដ (ឃាត់ខ្លួន)។ ជនសង្ស័យទាំង០៣នាក់ មានទីលំនៅភូមិស្តៅកន្លែង២ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក)ចំនួន ០៣កញ្ចប់, (ធំ០១កញ្ចប់-មធ្យម០២កញ្ចប់), ២-ទូរស័ព្ទដៃចំនួន០៣គ្រឿង (ខូច០៣គ្រឿង), ៣- ស្លាកលេខម៉ូតូចំនួន០១ (ភ្នំពេញ1R1747), ៤-ម៉ូតូចំនួន០២គ្រឿង (ម៉ាកស៊ុយសូគីស្មាសរីវ៉ូ) ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខ កណ្តាល 1S-0083 គ្មានកង់ក្រោយ គ្មានក្បាំង គ្មានកុងទ័រ គ្មានកញ្ចក់ (០១គ្រឿង), (ម៉ាកស៊ុយសូគីស្មាសរីវ៉ូ) ពណ៌ខ្មៅ គ្មានផ្លាកលេខ គ្មានអាវមុខក្រោយ គ្មានកញ្ចក់ (០១គ្រឿង) និង៥-កាត់វីងចំនួន០១សន្លឹក រួមជាមួយសម្ភារៈប្រើប្រាស់មួយចំនួន។
      
ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ សហការជាមួយកម្លាំងប៉ូលិសជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានល្បាតក្នុងភូមិសាស្ត្រឃុំដីឥដ្ឋ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ សុខ វាសនា ហៅយី ភេទប្រុស កំពុងដើរនៅម្តុំមាត់បឹងថាស់ក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ។

ដោយមានការសង្ស័យកម្លាំងប៉ូលិសបានឃាត់ និងឆែកឆេរលើខ្លួនប្រាណរកឃើញថ្នាំញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំនៅហ្នឹងខ្លួនជនសង្ស័យ, ភ្លាមនោះកម្លាំងប៉ូលិសបានឃាត់យកជនសង្ស័យមកប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ ដើម្បីសួរនាំ។

នៅចំពោះមុខប៉ូលិស,ជនសង្ស័យឈ្មោះសុខ វាសនា ហៅយី បានសារភាពថា«នៅថ្ងៃទី២៥មីនាឆ្នាំ ២០២១ម៉ោងប្រហែល ០៩និង៣០ នាទីឈ្មោះជុក ចំរើន ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដមានទីលំនៅនៅម្ដុំក្ដាន់ពីរក្រុងភ្នំពេញបានយកថ្នាំញៀន (ម៉ាទឹកកក) ចំនួន០៣កញ្ចប់ (ធំ១មធ្យម២) មកឱ្យខ្លួន,រួចឈ្មោះ សុខ វាសនា បានយកថ្នាំញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់មធ្យម ទៅឱ្យឈ្មោះ អៀវ ប៊ុន ហេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ និងយកថ្នាំញៀន (ម៉ាទឹកកក) ចំនួន១កញ្ចប់ធំទៅឱ្យមនុស្សប្រុសម្នាក់ទៀត មិនស្គាល់ឈ្មោះ មិនស្គាល់ទីលំនៅ នៅម្ដុំបឹងថាស់ ស្ថិតនៅភូមិឃុំកើតហេតុក៏ត្រូវកម្លាំងប៉ូលិសឃាត់ខ្លួនតែម្តង»។

ក្រោយពីទទួលបានចម្លើយសារភាព របស់ឈ្មោះ សុខ វាសនា ហៅយី ភេទប្រុសភ្លាម នៅម៉ោង ១និង១៥នាទីរសៀលថ្ងៃខែឆ្នាំដដែល កម្លាំងប៉ូលិសក៏បន្តទៅឃាត់ខ្លួន ឈ្មោះ អៀវ ប៊ុនហេង ភេទប្រុស និងឈ្មោះ ភី រុំ ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ និងដកហូតបាន ថ្នាំញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់មធ្យមទៀតរួមជាមួយសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។ 

ក្រោយពីសួរនាំរួចជនសង្ស័យទាំងបីនាក់ និងវត្ថុតាងថ្នាំញៀន (ម៉ាទឹកកក) (០៣កញ្ចប់ ធំ ០១មធ្យម០២) បានបញ្ចូនមកកាមន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕

-->
adverise with khmeread