រថយន្តបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ខណៈជិះម៉ូតូសុខៗត្រូវរថយន្តបើកបុកហើយកិន កាលពីវេលាម៉ោង៨យប់ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចបំបែកជាបួន ផ្លូវមហាវិថីវិមានឈ្នះឈ្នះ កែងផ្លូវឈូកវ៉ា ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ហេង ទ្រេន ភេទប្រុស អាយុ៣៦ឆ្នាំ ជាជាងសំណង់ រស់នៅម្តុំឈូកវ៉ា ខណ្ឌសែនសុខ មានស្រុកកំណើត ស្រុកមេសាង ខេត្តព្រៃវែង ជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IE-5772។ ចំណែករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ យីឌុប៥ភ្លៅ ពណ៌ស ស៊េរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខកំពង់ចាម 3A-8036។ 

យោងតាមប្រភពបានឱ្យដឹងថា ដំបូងគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវមហាវិថី វិមានឈ្នះឈ្នះ ទិសដៅពីត្បូងទៅជើង ស្រាប់តែរថយន្តបង្ក មកពីក្រោយស្រាប់តែបុកពេញទំហឹងបណ្ដាលឱ្យដួលហើយកិនស្លាប់តែម្ដង ហើយរថយន្តមិនឈប់នោះទេបានព្យាយាមបើករត់ បានប្រហែលមួយគីឡូដីទើបសមត្ថកិច្ចឃាត់បានព្រូម្នាក់ ចំណែកអ្នកបើកបរ បានរត់គេចខ្លួនបាត់។ 

ក្រោយពីកើតហេតុ សមត្ថកិច្ចចុះមកវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅចរាចរណ៍រាជធានី រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread