កម្មករសំណង់ម្នាក់ធ្លាក់ពីលើផ្ទះជាន់ទី៣ នៅការដ្ឋានកំពុងសាងសង់បុរីហាយធិចឌឺព្រីមមៀរ

ភ្នំពេញ ៖ មានករណីមនុស្សធ្លាក់ពីលើផ្ទះជាន់ទី៣បណ្តាលឱ្យស្លាប់ នៅការដ្ឋានកំពុងសាងសង់ បុរីហាយធិចឌឺព្រីមមៀរ ផ្លូវថៃហ្គរ័ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៥ មីនា ២០២១ វេលាម៉ោងប្រមាណ១០និង២០នាទី។

សមត្ថកិច្ចនិយាយថា សពជនរងគ្រោះឈ្មោះ ភឹម ភ័ណ្ឌ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបណ្តោះអាសន្នក្នុងការដ្ឋានសំណង់កើតហេតុ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះ និងកម្មករផ្សេងទៀត រៀបចំពុម្ពសរសរនៅជាន់ទី៣រួចក៏ខ្វះសម្ភារៈ ជនរងគ្រោះបានយកក្តារពុម្ពធ្វើជាស្ពានតភ្ជាប់ពីអគារមួយទៅអគារមួយទៀត ដើម្បីឆ្លងយកសម្ភារៈ។ ពេលនោះជនរងគ្រោះដើរឆ្លងយកសម្ភារៈ២លើក រួចឆ្លងទៅយករទេះរុញស្រាប់តែក្រឡាច់ជើងធ្លាក់មកក្រោមផ្ទាល់ដី។ ភ្លាមនោះកម្មករនាំគ្នាលើកជនរងគ្រោះដាក់ម៉ូតូដឹកទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពេលទៅដល់គ្រូពេទ្យប្រាប់ថា ស្លាប់បាត់ហើយ។

បើតាមការសន្និដ្ឋានរបស់ប៉ូលិសការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវវណ្ណរ័ត្ន បញ្ជាក់ថា «ជនរងគ្រោះស្លាប់ដោយសារ ប៉ះទង្គិចក្បាលនិងខ្លួនប្រាណធ្ងន់ធ្ងរ»។ បច្ចុប្បន្នសពប្រគល់ឱ្យប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

-->
adverise with khmeread