មនុស្សបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩នៅកម្ពុជាករណីទី៨ «ជាមន្ត្រីប៉ូលិស»

ភ្នំពេញ ៖ មនុស្សម្នាក់ទៀតបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៦ មីនា ឆ្នាំ២០២១នេះ «ជាមន្ត្រីប៉ូលិស»។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញផ្សាយផ្លូវការនាថ្ងៃនេះ ។

យោងតាមរបាយការណ៍របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៥៥ឆ្នាំ (ឈ្មោះ ថន ចាន់ធឿន ជាមន្ត្រីប៉ូលិស) មានអាសយដ្ឋាននៅភូមិក្ដីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបាត់បង់ជីវិតដោយសារ Covid-19 នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៤រសៀល។

សេចក្តីប្រកាសបានបញ្ជាក់ថា បុរសខាងលើនេះបានធ្លាក់ខ្លួនឈឺដោយក្តៅខ្លួនប្រហែល៣ ទៅ៤ថ្ងៃមុនស្លាប់ដោយមានសភាពកាន់តែធ្ងន់ធ្ងរទៅ ហើយក៏បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ​វេលាម៉ោង៣ និង៣០នាទីរសៀល និងស្ថានភាពមានអាការៈហត់ដង្ហក់ខ្លាំងដែលជាសញ្ញានៃវិបត្ដិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ។

ដោយការសង្ស័យក្រុមគ្រូពេទ្យបានយកវត្ថុសំណាកទៅវិភាគភ្លាមៗពេលមកដល់ពេទ្យហើយលទ្ធផលវិភាគសំណាករបស់គាត់បានបង្ហាញថា ​មានវិជ្ជមានវីរុស Covid-19 នៅវេលាម៉ោង១១យប់នាថ្ងៃដដែលដោយស្ថានភាពធ្ងន់ធ្ងរពេកបែបនេះ ក្រុមគ្រូពេទ្យក្រៅពីផ្ដល់ការព្យាបាលតាមរយៈបច្ចេកទេស ​ក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមភ្លាមៗ។ តែជាអកុសលក្នុងរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះគាត់ក៏បានធ្វើមរណកាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ បុរសវ័យ ៥៥ឆ្នាំខាងលើគឺបានបាត់បង់ជីវិតដោយសារ Covid-19 វ៉ៃលុកសួតសាហាវលឿននិងធ្ងន់ធ្ងរខ្លាំងពេក។

គិតមកដល់ថ្ងៃទី២៥ មីនា ឆ្នាំ២០២១ នៅកម្ពុជា មានអ្នកឆ្លងសរុប១៨៧២នាក់, អ្នកជាសះស្បើយ១០៥៦នាក់, អ្នកកំពុងព្យាបាល៨០៩នាក់និងអ្នកស្លាប់៨នាក់។

គួររំលឹកថា មានជនជាតិខ្មែរ-និងចិនដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន៧នាក់នាពេលកន្លងមកគឺ ៖ ទី១- បុរសជនជាតិ​ខ្មែរ​​​វ័យ៥០ឆ្នាំម្នាក់រស់នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ កើតជំងឺកូវីដ-១៩ បានបាត់បង់ជីវិតជាលើកដំបូង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី២-ស្រ្តីជនជាតិខ្មែរម្នាក់ឈ្មោះ ងឿន សុថានី វ័យ៦២ឆ្នាំ (ភរិយាតារាចម្រៀង ហួរ ឡាវី) បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

ទី៣-បុរសឈ្មោះគីម យីស៊ុន អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ១៩ មីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី៤-លោកវេជ្ជបណ្ឌិត ស្តើង ជា ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ​ជាវេជ្ជបណ្ឌិតចូលនិវត្តន៍និងជាប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានអាសយដ្ឋាននៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានទទួលមរណភាពនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី៥-ម្តាយបង្កើតតារាកំប្លែងស្រី ពីន ក្រុមកំប្លែងនាយក្រឹមឈ្មោះអ៉ិន ម៉ាធីតា អាយុ៦២ឆ្នាំ បានបាត់បង់ជីវិត នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ- រុស្ស៊ី ដែលជាអ្នកជំងឺកូវីដ-១៩។

ទី៦-បុរសឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករ freeland តាមរោងការនិងធ្លាប់ធ្វើការជាមួយតារាកំប្លែងសេងចិន្តា (ហៅក្អីត) ហើយបានបាត់បង់ជីវិតនាថ្ងៃទី២៥ មីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ- រុស្ស៊ី ។

ទី៧-បុរសឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស អាយុ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូនៅស្រុកកោះធំ ស្នាក់នៅសណ្ឋាគារយ៉ុងយ័ន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ រកឃើញមានជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ។ លុះដល់ថ្ងៃទី១៨ មីនា ឆ្នាំ២០២១ ទើបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ​ហើយក្រុមគ្រូពេទ្យរកឃើញអ្នកជំងឺមានរលាកសួតធ្ងន់ធ្ងរទាំងសងខាង និងខ្សោយសួតខ្លាំងរហូតដល់ប្រើម៉ាស៊ីនជំនួយហើយបានបាត់បង់ជីវិតនៅ ថ្ងៃទី២៥ មីនា ឆ្នាំ២០២១៕

-->
adverise with khmeread