កីឡាការិនីបាល់ទះឥណ្ឌូនេស៊ីដែលឈ្នះពានរាប់ភ្លេច រាប់ទាំងមេដាយជាច្រើននៅស៊ីហ្គេម តាមពិតជាបុរសសោះ!

ជាច្រើនឆ្នាំមកហើយ Aprilia Santini Manganang និងសមាគមបាល់ទះនារីឥណ្ឌូនេស៊ីបានប្រឆាំងនឹងការចោទប្រកាន់ដែលថានាងពិតជាបុរស ប៉ុន្តែនៅឆ្នាំនេះ Manganang ត្រូវបានគេអះអាងថាពិតជាបុរសមែន។

សមាជិកក្រុមបាល់ទះនារីរបស់ឥណ្ឌូនេស៊ីឈ្មោះ Aprilia Manganang ក៏បានលេងនៅក្នុងក្លឹបក្នុងស្រុកជាច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ីក៏ដូចជានៅប្រទេសថៃផងដែរ។ នាងបានដឹកនាំក្រុមស្ត្រី Jakarta Electric PLN ឱ្យក្លាយជាម្ចាស់ជើងឯកនៃ Proliga ក្នុងឆ្នាំ ២០១៥, ២០១៦ និង ២០១៧ ។ នៅឆ្នាំ ២០១៩ នាងបានក្លាយជាជើងឯកម្តងទៀតជាមួយក្រុម Jakarta PGN Popsivo Polwan មុនពេលផ្ទេរទៅក្រុម Generali Supreme Chonburi-E Tech  លីកបាល់ទះថៃនិងឈ្នះជើងឯកនៅឆ្នាំដដែល។ Manganang បានឈ្នះពានរង្វាន់កីឡាការិនីឆ្នើមជាច្រើននៅក្នុងអាជីពរបស់នាងនិងបានជួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីឈ្នះមេដាយសំរឹទ្ធ និងមេដាយប្រាក់នៅឯការប្រកួតផ្សេងៗគ្នានៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Game)។ ប៉ុន្តែសមិទ្ធិផលដ៏អស្ចារ្យរបស់នាងតែងតែត្រូវបានគេចោទជាសំណួរ ដោយសារតែនាងមើលទៅដូចប្រុសពេក។

ដោយមានស្មាធំ សាច់ដុំធំៗ និងពុកមាត់ដែលអាចមើលឃើញ Aprilia Manganang មិនដូចជាអ្នកលេងបាល់ទះស្រីដទៃទៀតសោះ។ សមត្ថភាពរបស់នាងក្នុងការលោតឡើងលើអាកាសនិងវាយបាល់ចូលទៅគូប្រកួតបានទទួលរហស្សនាមថា "បិសាចលោតផ្លោះ" ប៉ុន្តែក៏បានជំរុញឱ្យមានការចោទប្រកាន់បន្ថែមទៀតអំពីភេទពិតរបស់នាង។

មុនព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៥ នៅប្រទេសសិង្ហបុរីមន្រ្តីបាល់ទះហ្វីលីពីនបានតវ៉ានិងទាមទារឱ្យ Aprilia Santini Manganang ត្រូវទទួលការធ្វើតេស្តភេទ ប៉ុន្តែគណៈកម្មាធិការវេជ្ជសាស្រ្តរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានសម្រេចប្រឆាំង ហើយ Manganang ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតជាមួយក្រុមស្ត្រីក្នុងការប្រកួតនោះ និងការប្រកួតជាច្រើនទៀតជាបន្តបន្ទាប់។

ភាពចម្រូងចម្រាសជុំវិញភេទរបស់នាងបានបន្តរហូតដល់ខែកញ្ញាឆ្នាំមុន នៅពេលការសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទះនារីនៅអាយុ ២៨ ឆ្នាំ។ ការសម្រេចចិត្តរបស់នាងបានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាពិសេសដោយសារតែនាងបានទទួលជោគជ័យខ្លាំងក្នុងវិស័យកីឡាបាល់ទះរហូតដល់ចំណុចនោះ។

នាងបានសរសេរនៅលើគណនី Instagram របស់នាងថា "នៅក្នុងឱកាសនេះខ្ញុំនឹងប្រាប់អ្នកស្នេហាវិស័យបាល់ទះឥណ្ឌូនេស៊ីថាខ្ញុំគឺ Aprilia Manganang បានសម្រេចចិត្តលាឈប់ពីពិភពបាល់ទះហើយ ។ ខ្ញុំបានធ្វើការសម្រេចចិត្តនេះពីព្រោះខ្ញុំចង់មានជីវិតប្រសើរជាងមុន ខ្ញុំចង់ឈានទៅរកការពិតនៅក្នុងចិត្តរបស់ខ្ញុំដោយសន្តិភាព។ ដូច្នេះនេះគឺជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ខ្ញុំ"។

យោងទៅតាមអ្នកសង្កេតការណ៍ឯករាជ្យនៅពេលដែល Aprilia Santini Manganang ត្រូវបានគេពិនិត្យនៅមន្ទីរពេទ្យ Robert Wolter Monginsidi Army Hospital នៅទីក្រុង Manado មានការចង្អុលបង្ហាញយ៉ាងច្បាស់ថានាងមិនមែនជាស្ត្រីទេ។ ដោយសារឧបករណ៍ធ្វើតេស្តមានកំណត់នៅមន្ទីរពេទ្យនាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកណ្តាល Gatot Subroto Army Central ក្នុងទីក្រុង Jakarta ដើម្បីធ្វើការត្រួតពិនិត្យបន្ថែមទៀត។ សេចក្តីថ្លែងការណ៍ផ្លូវការរបស់កងទ័ពនៅខែនេះគឺច្បាស់ណាស់។

ប្រមុខកងទ័ពលោក Andika Perkasa បាននិយាយថា "ថ្ងៃនេះខ្ញុំចង់បង្ហាញព័ត៌មានអំពីទាហានម្នាក់គឺពលទាហានទី ២ ឈ្មោះ Aprilia Santini Manganang ។ Aprilia Manganang មិនមានសំណាងដូចយើងទាំងអស់គ្នាទេ។ ដូច្នេះនៅពេលនាងកើតមកកុមារនេះមានបញ្ហាមិនប្រក្រតីនៅក្នុងប្រព័ន្ធបន្តពូជ។ នៅក្នុងពាក្យវេជ្ជសាស្ដ្រវាត្រូវបានគេហៅថា Hypospadias "។

លោក Andika បានបន្ថែមទៀតថា "ពីលទ្ធផលនៃការពិនិត្យនេះវាបានបង្ហាញថាពីការពិនិត្យទឹកនោម, ពលទាហាន Manganang មានសរីរាង្គភេទប្រុសច្រើន ហើយគាត់មិនមានសរីរាង្គស្ត្រីខាងក្នុងទេ បន្ទាប់មកការធ្វើតេស្តអ័រម៉ូនផ្តល់លទ្ធផលក៏ដូចគ្នា។ អ័រម៉ូនតេស្តូស្តេរ៉ូនត្រូវបានគេវាស់ផងដែរហើយគេបានរកឃើញថាពលបាល Manganang មានកម្រិតអ័រម៉ូនដែលធ្លាក់ចូលទៅក្នុងបុរសធម្មតា។ ការពិនិត្យកាំរស្មីអ៊ិច MRI ក៏បានបង្ហាញដូចគ្នា"៕

 

-->
adverise with khmeread