កុមារាកុមារីអាយុ៨ឆ្នាំ ៣នាក់លង់ទឹកស្លាប់ក្នុងពេលតែមួយ

ភ្នំពេញ ៖ កុមារាកុមារីអាយុ៨ឆ្នាំ ៣នាក់ បានរងគ្រោះលង់ទឹកស្លាប់ក្នុងពេលតែមួយ កាលពីវេលាម៉ោង១២ និង៤០នាទី ថ្ងៃត្រង់ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចសណ្ដរស្ទឹងព្រែកត្នោត ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ។

សមត្ថកិច្ចនិយាយថា កុមារាកុមារីទាំង៣នាក់រួមមាន ទី១-ឈ្មោះ លាន ចិត្រា ភេទប្រុស អាយុ៨ឆ្នាំ, ទី២-ឈ្មោះ បាំង វុទ្ធី ភេទប្រុស អាយុ៨ឆ្នាំ និងទី៣-ឈ្មោះ សៀ ស្រីនួន ភេទស្រី អាយុ៨ឆ្នាំ រស់នៅជាមួយឳពុកម្ដាយ ស្ថិតក្នុងភូមិ សេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងក្មេងៗរងគ្រោះទាំង៣នាក់ រួមជាមួយក្មេងម្នាក់ទៀត អាយុប្រហែលៗគ្នា ក្រោយពីញ៉ាំបាយថ្ងៃត្រង់រួច ក៏នាំគ្នាទៅចំណុចកើតហេតុ ដោយនាំគ្នាឡើងជិះលើទូក។ ក្មេងរងគ្រោះ៣នាក់ នៅលើទូក រីឯក្មេងម្នាក់ទៀត នៅមាត់ច្រាំងរួចនាំគ្នាអង្រន់ទូកលែងបង្កឱ្យក្រឡាប់ទូកលិចបាត់ក្មេងទាំង៣នាក់តែម្ដង, ឯក្មេងនៅមាត់ច្រាំង ក៏រត់មកហៅចាស់ៗនៅក្នុងភូមិមកជួយ ប៉ុន្តែជាអកុសលក្មេងទាំង៣នាក់បានបាត់បង់ជីវិតទាំងអស់។ 

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកស្រាវជ្រាវនិងធ្វើកំណត់ហេតុរួចសន្និដ្ឋានថា ក្មេងៗទាំង៣នាក់ ពិតជាបាត់បង់ជីវិត ដោយសារលង់ទឹកពិតប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread