ឃាត់បុរសវ័យ៦៩ឆ្នាំម្នាក់រំលោភក្មេងស្រីអាយុ១៣ឆ្នាំបានសម្រេចនៅស្រុកអង្គស្នួល

កណ្ដាល ៖ បុរសវ័យ៦៩ឆ្នាំម្នាក់ បានល្បួងក្មេងស្រីអាយុ១៣ឆ្នាំរំលោភបានសម្រេចម្ដងលើកក្រោយបម្រុងល្បួងរំលោភម្ដងទៀត តែបែកការណ៍រហូតដឹងដល់ម្ដាយឪពុកខាងកុមារីរងគ្រោះ ក៏ប្តឹងដល់ប៉ូលិសស្រុកអង្គស្នួលចាប់ខ្លួនចាត់ការតាមច្បាប់  នៅចំណុចភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១កន្លងទៅ។

សមត្ថកិច្ចនិយាយថា ក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ស្រុកអង្គស្នួល ខេត្តកណ្តាល។  ចំណែកជនសង្ស័យឈ្មោះ វ៉ាត ភួន ភេទប្រុសអាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។

សមត្ថកិច្ចបន្តថា ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យបានឃើញជនរងគ្រោះជិះម៉ូតូនៅតាមផ្លូវក្នុងភូមិ ហើយបានហៅជនរងគ្រោះឱ្យឈប់រួចសុំជិះទៅជាមួយ។ នៅពេលជិះតាមផ្លូវ​ជនសង្ស័យបាននិយាយលួងលោមទៅកាន់ជនរងគ្រោះថា «ឯងប្រគល់ខ្លួនឱ្យអញមក អញឱ្យលុយចំនួនមួយម៉ឺនរៀល»។ តែជនរងគ្រោះមិនបានឆ្លើយតបឡើយ ជិះរហូតដល់ចំណុចចម្ការស្វាយរបស់ឈ្មោះ ឡន ស្ថិតនៅភូមិថ្មី​ ឃុំទួលព្រេជ ទើបជនសង្ស័យចុះពីម៉ូតូហើយជនរងគ្រោះក៏ជិះទៅមុខបន្ត។ 

លុះស្អែកឡើងជនសង្ស័យបានទៅចម្ការខាងក្រោយផ្ទះជនរងគ្រោះ ហើយបានហៅជនរងគ្រោះឱ្យទៅក្នុងចម្ការនោះ តែជនរងគ្រោះមិនបានទៅឡើយ។ ចាប់ពីពេលនោះមកជនសង្ស័យបានទៅក្នុងចម្ការក្រោយផ្ទះជនរងគ្រោះ និងបានហៅជនរងគ្រោះទៅឱបថើបចំនួន០៣លើក ហើយក្នុងមួយលើកៗបានឱ្យលុយជនរងគ្រោះចំនួនមួយម៉ឺនរៀល។ 

រហូតមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២រសៀល ជនសង្ស័យបាន ទៅក្នុងចម្ការក្រោយផ្ទះជនរងគ្រោះទៀត ហើយបានហៅជនរងគ្រោះទៅជួប ដោយប្រាប់ថា​ «កុំប្រាប់រឿងនេះឱ្យគេដឹងឱ្យសោះ ហើយក៏ដើរចេញទៅវិញទៅ។ លុះមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨ និង១០នាទីព្រឹក ជនសង្ស័យបានទៅក្នុងចម្ការក្រោយផ្ទះជនរងគ្រោះទៀត ហើយបានហៅជនរងគ្រោះទៅជួប និងអង្គុយនិយាយគ្នាលេង។

បន្ទាប់មកជនសង្ស័យ បានចាប់ជនរងគ្រោះផ្ដួលទៅលើស្មៅហើយធ្វើសកម្មភាពរួមភេទបានសម្រេចចំនួន០១លើក, ពេលរួមភេទរួចហើយជនសង្ស័យបានឱ្យលុយទៅជនរងគ្រោះចំនួនពីរម៉ឺនរៀល។ ក្រោយមកទៀតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យបានហៅជនរងគ្រោះទៅទៀត ,ពេលជនរងគ្រោះដើរទៅក៏ត្រូវបានពលរដ្ឋម្នាក់ឃើញ ហើយក៏សួរជនរងគ្រោះថា «ឯងទៅណា?»។ ជនរងគ្រោះឆ្លើយថា «ទៅបត់ជើងធំ»។ ដោយមានការសង្ស័យ​ ក៏សួរនាំជនរងគ្រោះ ទើបជនរងគ្រោះព្រមនិយាយការពិត ថាទៅជួបជាមួយជនសង្ស័យ។

ក្រោយមកក៏បានឃើញ ជនសង្ស័យដើរចេញពីព្រៃខាងក្រោយផ្ទះ រួចក៏ប្រាប់ម្ដាយឪពុកខាងស្រីតែម្ដង។ ពេលនោះម្ដាយឪពុកខាងស្រីដឹងហើយ ក៏សួរនាំកូនស្រីខ្លួន ហើយទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍រដ្ឋបានទួលព្រេជដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

-->
adverise with khmeread