ឃាត់ជនសង្ស័យប្រុសស្រី​១២​នាក់បន្លំជាគ្រូពេទ្យយកសំណាក, ការពិតជំរិតទារប្រាក់៣ម៉ឺនដុល្លារសោះ

ភ្នំពេញ ៖ លោកឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ក្រសួងមហាផ្ទៃ និង លោកយស យុ​ទ្ធី អភិបាលរង​​ខណ្ឌដូនពេញ ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ជាច្រើន​​ទៀត ដោយ​មាន​ការ​ចូល​រួម​សហការ សម្របសម្រួលនីតិវិធី ដោយ​លោក ម៉ុ​ត ដា​រ៉ា​ជា​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១ បានឃាត់ក្រុម​ជន​សង្ស័យ​ប្រុស​ស្រី​​១២​នាក់ បន្លំ​ខ្លួន​ធ្វើ​ជា​ក្រុម​គ្រូពេទ្យ​ចុះយក​សំណាក​ ហើយ​ចាប់​ជំរិត​ទារប្រាក់ចំនួន៣ម៉ឺនដុល្លារ។

ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញឃាត់ខ្លួន​បានភ្លាមៗ និងជាបទល្មើសប្លែកៗ សឹងមិនគួរអោយជឿ។​​ សមត្ថកិច្ចនិយាយថា ករណី​ចាប់​ជំរិត​ទារ​ប្រាក់​នេះ កើតឡើង​នៅ​ចំណុច​ទីតាំង​ផ្ទះ​លេខ​០៤ និង​លេខ ០៦ ផ្លូវ​លេ​១៤៤ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្នុង​សណ្ឋាគារ POSITANO BOUTIQUE HOTEL ​ហើយ​កម្លាំងសមត្ថកិច្ចចម្រុះ​បាន​រំដោះ​បុរស​ជនរងគ្រោះ​បាន​២​នាក់​ដោយ​សុវត្ថិភាព។

សមត្ថកិច្ចបន្តថា ដំបូងក្រុម​ជនសង្ស័យ​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ឈុត​ដូច​ក្រុម​គ្រូពេទ្យ ចុះ​យក​សំណាក ដើម្បី​ធ្វើ​សកម្មភាពចាប់​ជនរងគ្រោះនៅ​មូលដ្ឋាន​ខណ្ឌចំការមន រួច​ជម្រិត​ទារប្រាក់​ចំនួន៣​ម៉ឺន​ដុល្លារ​។ បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញទទួលបាន​ព័ត៌មាន ក៏​សហការ​ជាមួយ​មូលដ្ឋានធ្វើការ​ស្រាវជ្រាវស៊ើប​អង្កេត រហូត​ជួយ​រំដោះ​ជនរងគ្រោះ​២​នាក់ ដែលជា​ជនជាតិ​ចិន។

បន្ទាប់មកកម្លាំង​សមត្ថកិច្ចចម្រុះបាន​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​ជន​ជាតិចិន​និង​វៀតណាម​បន្តបន្ទាប់​១២​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​ជនជាតិ​ចិន នៅ​ចំណុច​សណ្ឋាគារ POSITANO BOUTIQUE HOTEL ដែល​មាន​ទីតាំង​ផ្ទះ​លេខ​០៤ និង​លេខ ០៦ ផ្លូវ​លេ​១៤៤ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។

បច្ចុប្បន្មជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋានប៉ូលិសខណ្ឌចំការមន ដើម្បីធ្វើកំណត់ហេតុសួរចម្លើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

-->
adverise with khmeread